header ads

Sponsor

មណ្ឌលគិរីៈ បន្ទាប់ពីកិច្ចប្រជុំ ដែលចំណាយពេលជាង៥ម៉ោង កាលពីព្រឹកថ្ងៃទី១ ខែមី​នា រវាងអាជ្ញាធរខេត្ត រួមនឹងភាគីពាក់ព័ន្ធ​នានា បានរកឃើញដី នៅជាយជើងភ្នំដោះក្រមុំ ត្រូវបានគេធ្វើរបងព័ទ្ធ​យកជាកម្មសិទ្ធ​ផ្ទាល់ខ្លួន ទោះមានការរារាំងពីមន្ត្រីមូលដ្ឋានក៏ដោយ។

លោកអភិបាលខេត្តមណ្ឌលគិរី លោក​ ស្វាយ សំអ៊ាង បានថ្លែងថា ករណីនេះ ខេត្តតែងតែបានប្រជុំរកដំណោះស្រាយជាច្រើនដងហើយ នឹងបានដោះស្រាយជាបន្តបន្ទាប់។ ចំពោះដីមួយចំនួន ត្រូវបានរាជរដ្ឋាភិបាល ចេញ ស ជ ណ កាត់ទៅឲ្យអង្គភាពទឹកស្អាត ដើម្បីប្រយោជន៍​ផ្គត់ផ្គង់ដល់ប្រជាជន ក្នុងក្រុងសែនមនោរម្យទាំងមូល។

លោកអភិបាលខេត្តបន្តថា កាលពីឆ្នាំ២០០៤ ពេលដែលភ្នំដោះក្រមុំ ត្រូវបានស្នើសុំដាក់បញ្ជូលជាតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិ ដែលមានទំហំសរុប១០១ហិកតា។ តែដោយការចន្លោះប្រហោងទំហំផ្ទៃដីមជ្ឈមណ្ឌលជនជាតិ ឬភ្នំដោះក្រមុំនេះ នៅសល់ទំហំ៩០ហិក​តា នាឆ្នាំ២០១២ នឹងបន្តនៅសល់ត្រឹម៨៥ហិកតា ក្នុងឆ្នាំ២០១៩នេះ។

បើតាមការលើកឡើងក្នុងកិច្ចប្រជុំខាងលើ ផ្ទៃដីដែលបានបាត់បង់ភាគច្រើន គឺបណ្តាលមកពីការព័ទ្ធ​យកពីប្រជាជន ដែលសង់របងលួ​យចូលដីរបស់មជ្ឈមណ្ឌលជនជាតិនេះ។

យោងសម្តីផ្ទាល់របស់ប្រធានមន្ទីរដែនដី នគររូនីយកម្ម នឹងសំណង់ លោក ម៉ៅ ចម្រើន បានឲ្យដឹងថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាពលើទីតាំងនោះផ្ទាល់ ដីភ្នំដោះក្រមុំ មានផ្ទៃដី៨៥ហិកតា នឹងមានព្រំជុំវិញប្រវែង៤៥០០ម៉ែត្រ ហើយមន្ទីរបានស្នើសុំគោលការឯកភាពពីថ្នាក់ដឹកនាំ ដើម្បីកាត់ខ្វៀលដីជូនប្រជាពលរដ្ឋ ដែលកាន់កាប់កន្លងមក នឹងបោះបង្គោលព្រំដីជាក់លាក់ ជៀសវាងការរំលោភនៅថ្ងៃក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post