header ads

Sponsor

ត្បូងឃ្មុំៈ លោក​ ទន់​ ចាន់​ធី​ ដែលទើបនឹង​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ ត្បូងឃ្មុំ​ កាលពី​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៩ ត្រូវបានមន្ត្រី​គយ​ និង​ភ្នាក់ងារ​គយ​ខេត្តត្បូងឃ្មុំ​មួយចំនួន​ បានលួច​បង្ហើប​ឱ្យ​ដឹង​ថា កំពុង​ប្រើ​តួនាទី​ និង​អំណាច​របស់​ខ្លួន​ ធ្វើ​អ្វី​ៗតាម​អំពើ​ចិត្ត​។

ប្រភព​ដដែល​ បាន​ឱ្យ​ដឹងទៀត​​ថា​ ​ប្រហែល​លោក​ ទន់​ ចាន់​ធី​ ចំណាយ​ដើមទុន​យ៉ាងច្រើន​ ក្នុង​ការ​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ​ ទើប​ខំប្រឹង​ស្រង់​ដើម​យ៉ាង​ តក់ក្រហល់​ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​នោះ​ទេ​។ ដូច្នេះហើយ​ ទើប​មាន​សេចក្ដី​អំពាវនាវ​ឱ្យ​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏ដូចជា​ លោក​ គុណ​ ញឹម​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ចាត់វិធានការ​ ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ ទន់​ ចាន់​ធី​ ខ្លះ​ផង​ ដើម្បី​ឱ្យ​ស្របតាម​វិធានការ​កែទម្រង់​ ស៊ីជម្រៅ​ក្នុង​ស្ថាប័ន​គយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ ទន់​ ចាន់​ធី​ បាន​ទម្លាយឲ្យ​ដឹង​ថា​ កាល​នៅ​ធ្វើជា​អនុប្រធាន​សាខា​គយ​ខេត្តកោះកុង​ លោក​ ទន់​ ចាន់​ធី​ មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ តាម​ច្រើន​រូបភាព​ ដោយមាន​ការ​ឃុបឃិត​ពី​សំណាក់​លោក​ សំ​ កុសល​ ប្រធាន​សាខា​គយ​ខេត្តកោះកុង​ផង​ដែរ​ ។ ដោយសារ​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ហើយ​ ទើប​លោក​ ទន់​ ចាន់​ធី​ មាន​ ដើមទុន​ ដើម្បី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​សុខ​ស្រួល​ ។

ប្រភពជិតស្និទ្ធដដែល បន្តថា ក្រោយ​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ​ កាលពី​ព្រឹក​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៩​ លោក​ ទន់​ ចាន់​ធី​ មិនទាន់​ចាត់វិធានការ​ ទប់ស្កាត់​ ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​ទំនិញ​ខុសច្បាប់​ តាម​ច្រកព្រំដែន​ ក្នុង​ស្រុក​ពញាក្រែក​ និង​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ នៅឡើយ​ទេ​។

ដោយឡែកប្រភព​ពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ តាម​ច្រកព្រំដែន​ ក្នុង​ស្រុក​មេមត់​ និង​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ រយៈពេល​១២​ថ្ងៃ​ នៃ​ការចូលកាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ​របស់​លោក​ ទន់​ ចាន់​ធី​ គឺ​លោក​មិនទាន់​ចាត់វិធានការ​ ទប់ស្កាត់​ អំពើពុករលួយ​ និង​ទង្វើ​មិន​ប្រក្រតី​របស់​មេ​គយ​ប្រចាំ​ច្រកព្រំដែន​ ក្នុង​ស្រុក​មេមត់​ និង​ស្រុក​ ពញាក្រែក​ នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​ លោក​ ទន់​ ចាន់​ធី​ នៅតែ​បណ្ដោយ​ឱ្យ​មេ​គយ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ និង​ច្រកព្រំដែន​ ក្នុង​ស្រុក​ពញាក្រែក​ និង​ស្រុក​មេមត់​ ឃុបឃិត​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ និង​ទំនិញ​ បង់ពន្ធ​មិន​គ្រប់ យ៉ាង​ពេញបន្ទុកដដែល​។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ឈ្មួញ​ធំៗ​ នៅតែ​បន្ត​នាំចូល​ទំនិញគេចពន្ធ​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​ ហើយ​ឈ្មួញ​ទាំងនោះ​ កំពុង​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​លោក​ប្រធាន​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ឱ្យ​មុខ​ជំនួញ​របស់​ពួកគេ​ ប្រព្រឹត្ត​ទៅ​ដោយ​ រលូន​៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post