header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យលោកឧកញ៉ា ជឹម សុខ នាំកូនប្រុសរបស់ខ្លួន និងអ្នកពាក់មួយចំនួនទៀត ចូលមកបំភ្លឺក្នុងករណី បាញ់សម្លាប់មនុស្ស យ៉ាងសាហាវព្រៃផ្សៃ បើមិនចង់អស់តំណែង។

ការបញ្ជារបស់សម្តេចតេជោនេះ ក្រោយពីកូនប្រុសលោកឧកញ៉ា ជឹម សុខ បានបាញ់សម្លាប់ពលរដ្ឋម្នាក់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន វុធ ភេទប្រុស និងម្នាក់ទៀតរងរបួស ឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ថា ជាចោរលួចរថយន្ត។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា សម្ដេចតេជោ ក៏បានចូលរួមមរណៈទុក្ខចំពោះគ្រួសារសពដែលគេបានចោទថា ជាចោរលួចរថយន្ត។ សម្ដេចបន្ដថា ទោះបីជាចោរពិតមែនក៏ដោយ ប៉ុន្តែពេលតាមចាប់មិនត្រូវបាញ់សម្លាប់យ៉ាងដូច្នេះទេ ព្រោះនេះ ជាអំពើព្រៃផ្សៃបំផុតដែលបានសម្លាប់មនុស្សដូចសត្វធាតុ។

សម្ដេចតេជោ បានលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាត្រូវបាញ់សម្លាប់ដល់ថ្នាក់បែបនេះចឹង ?  នាយករដ្ឋមន្រ្តីបញ្ជាក់ថា ពេលសមត្ថកិច្ចចាប់បានមួយហើយ នៅសល់ម្នាក់ទៀត។ ដូច្នេះ រឿងអស់នេះ ត្រូវប្រយ័ត្នប្រយែង កងកម្លាំងប្រដាប់អាវុធកាត់សេចក្តីដោយការប្រើអាវុធ មិនមែនជាការល្អនោះទេ។

សម្ដេចតេជោ មានប្រសាសន៍ថា “ដូចជាកូនមេប៉ូលិសម្នាក់ទៀតផង ហើយមេប៉ូលិស ត្រូវតែតាមរកអាកូនហ្នឹងឲ្យឃើញ។ បើមិនចឹងទៅ ទៅទាំងមេប៉ូលិស។ រឿងទាំងអស់នេះហើយ ដែលយើងត្រូវតែចាំ មិនថា អ្នកឯងមានអំណាចប៉ុណ្ណា តែភាពជាមនុស្ស គឺមិនគ្រាន់តែជាមនុស្សធម្មតានោះទេ តែត្រូវជាមនុស្សមានគុណធម៌ និងសីលធម៌ផង”។

សម្ដេចបន្ដថា “បន្ទាប់ពីការបាញ់ស្លាប់ហើយនោះ តើវាមានអាវុធអីទៀត បើមនុស្សអស់មានអាវុធផង។ តាមអ្នកដែលនៅរស់ គឺវាបានគេបានលើកដៃសំពះ ប៉ុន្តែផ្ទុយទៅវិញបាញ់ទៅដល់ប៉ុន្មានគ្រាប់ឯណោះ។ អំពើទាំងអស់នេះ គឺជាអំពើដែលត្រូវដាស់តឿនដល់គ្រប់ទីកន្លែងទាំងអស់ ពុំមានការចាំបាច់ប្រើកាំភ្លើងនោះទេ”។

ពាក់ព័ន្ធករណីបាញ់សម្លាប់យ៉ាងសាហាវនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារសព លោក ម៉ន វុធ ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post