header ads

Sponsor

ព្រះវិហារៈ ហេតុការណ៍​ដ៏គួរឲ្យ​ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមា​ណ ១០ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុ​ចទួល៤២ ចន្លោះបង្គោលគីឡូម៉ែត្រ២០៨-២០៩ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារ ដោយសាររថយន្តធុនយក្សដឹក​ដំឡូងមី​មួយគ្រឿង ក្រឡាប់ក្អួតចេញសុទ្ធតែឈើ​។

បើតាមការឲ្យ​ដឹងពីសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុ គេបានឃើញរថយន្តខ្នាតយក្ស​គ្មានស្លាកលេខខាងលើ បើកបរពីចំណុ​ចអូរជុញ ផ្ទុកដំឡូងមីពី​លើឈើក្រោមយ៉ាងច្រើន ឆ្ពោះទៅលក់នៅខេត្តសៀមរាប ឬក៏ចែកចាយបន្តតាមដេប៉ូ នៅតាមបណ្តាខេត្តផ្សេងៗទៀត លុះមកដល់កន្លែងកើតហេតុ ដោយសាររថយន្តដឹកឈើលើសទម្ងន់​ផងនោះ ក៏បានរេចង្កួតធ្លាក់ផ្លូវក្រឡាប់ ក្អួតចេញសុទ្ធតែឈើតែម្តង។

លោក គឹម ជេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដែលនៅកន្លែងកើតហេតុនោះ លោកបានឆ្លើយប្រាប់អ្នកសាព័ត៌​មានយ៉ាងខ្លីថា លោកមិនដឹងឈើខាងលើនេះ ជាឈើរបស់អ្នកណានោះឡើយ។

ក្រុមប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវខាងលើ ហើយបានឃើញហេតុការណ៍​នេះ ពួកគាត់បានលើកឡើងថា ចុះហេតុអីបានជាជំនាញរដ្ឋបាលព្រៃឈើឆ្លើយថា មិនដឹងយ៉ាងដូច្នេះទៅវិញ ហើយឈើទាំងនោះប្រើសុទ្ធតែម៉ាស៊ី​នរ៉ៃ សម្រាប់អារជ្រៀកទៀតផង។ ពួកគាត់លើកឡើងទៀតថា បើប្រភេទរថយន្តនេះវិញ បើលើកឈើដាក់លើរថយន្ត ក៏មិនលើក១ម៉ោង ឬ២ម៉ោងហើយនោះដែរ អាចប្រើពេលលើក២ទៅ៣ថ្ងៃ ទើបបានគ្រប់ចំណុះរថយន្តធុនយក្សខាងលើនេះ។

ម្យ៉ាងវិញទៀត ដោយក្រុមប្រជាពលរដ្ឋ បានលើកឡើងផងដែរថា ចុះក្រោយកើតហេតុម្តេចបានសមត្ថកិច្ច ឬជំនាញបណ្តែតបណ្តោយអោយក្រុមឈ្មួញបណ្ដោះយកក្បាលរថយន្តខាងលើនេះទៅបាត់ ដោយមិនបានធ្វើការហាមឃាត់យ៉ាងដូច្នេះ ឬមួយក៏អ្នកបើកបររថយន្តខាងលើហ្នឹង មិនដឹងថា រថយន្តរបស់ខ្លួនដាច់កន្ទុយរ៉ឺម៉ក ព្រោះតែផ្ទុកឈើធ្ងន់ពេក ទើបបន្សល់ទុកតែកន្ទួយរ៉ឺ​ម៉កយ៉ាងដូច្នេះទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post