header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ទទួលរងនូវគ្រាប់កាំភ្លើងចំនួ៣គ្រាប់ របួសធ្ងន់ បន្ទាប់ពីរត់ឌុបប៉ះចំចោរប្លន់ប្រដាប់អាវុធ ឌុបដល់កន្លែងស្ងាត់ ធ្វើសកម្មភាពបាញ់ប្លន់ប៉ុនប៉ងយកម៉ូតូសេ១២៥ តែមិនបានសម្រេច ក្រោយមាន​ការ​ប្រតាយប្រតប់គ្នា រហូតដល់ចោរ​ដកកាំភ្លើងបាញ់៦គ្រាប់ តែ​ផ្ទះ៣គ្រាប់ ត្រូវក្បាល ដៃ និងស្មា បង្កការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើឲ្យ​ចោរភ័យពេក បោះកាំភ្លើងចោល រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីកាលពីវេលាម៉ោង៨៖​៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅដីវាល ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ ម៉ន សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ត្នោត១ដើម ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសក្បាលពីចំហៀងខាងឆ្វេង១គ្រាប់ កដៃស្តាំ១គ្រាប់ ស្មាខាងឆ្វេង១គ្រាប់ រងរបួសធ្ងន់ ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់តែយកមិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០១៧ កំពង់ស្ពឺ 1E-3900។ ដោយឡែកកាំភ្លើងខ្លីបន្សល់ទុក ម៉ាក រ៉ូឡូ១ដើម គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ក្បាលគ្រាប់១។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់​ត្រូវបានម្តាយនៅឯស្រុកប្រើឲ្យទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្សី លុះវិលត្រឡប់មកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិច មកដល់ចំណុចចំណតរថយន្តក្រុង លូ៥ ភូមិដំណាក់ធំ៣ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានជនសង្ស័យម្នាក់ ហៅឲ្យឌុបជូន ទៅខាងក្រោយសួនកាណាឌីយ៉ា ក្នុងតម្លៃ៤០០០រៀល ដោយគិតថា ក្បែរផ្ទះរបស់ខ្លួនដែរ លុះឌុបមកដល់ចំណុចកើតហេតុ ចំកន្លែងចាក់សំរាម​ ដែលមានសភាពស្ងាត់ផង ជនសង្ស័យឲ្យឈប់ ដកកាំភ្លើងភ្ជង់តែម្តង ប្លន់យកម៉ូតូ ឃើញសភាពបែបនេះ គាត់ក៏​ប្រតាយប្រតប់គ្នា ជាមួយជនសង្ស័យ ឈានដល់បាញ់៦គ្រាប់ ផ្ទុះ​៣គ្រាប់ ត្រូវគាត់ (ជនរងគ្រោះ)​៣កន្លែង តែ​គាត់​ស្មារតីនៅរឹង ប្រតាយប្រតប់ រហូតធ្លាក់កាំភ្លើង នៅកន្លែងកើតហេតុ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ធ្វើឲ្យ​ជនសង្ស័យភ័យរត់គេចខ្លួនចូលទៅខាងដី ខណ្ឌមានជ័យបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅពេទ្យ ក្បែរប៉ុស្តិ៍ចោមចៅ១ ជាមុនសិន និងដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច បន្តស្រាវជ្រាវ ។ ក្រោយពីកើតហេតុ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ជុំវិញរឿងខាងលើ ដើម្បីកំណត់មុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post