header ads

Sponsor

កំពង់ចាមៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវជាតិលេខ៧១C ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាព និងសិក្សាលទ្ធភាពក្នុងការសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧១សេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវនេះ មានប្រវែងសរុបចំនួន១១០គីឡូម៉ែត្រ បែកចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

លោកបន្តថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសៀងហៃ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាបន្ថែមត្រង់ចំណុច ដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយសមស្របសំដៅធានាគម្រោងសាងសង់ផ្លូវជាតិលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ បើកការដ្ឋានក្នុងឆ្នាំ២០១៩នេះ ឲ្យបានគុណភាពខ្ពស់។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំនេះ អាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅខេត្តកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post