header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បានផ្តល់នូវគុណសម្បត្តិជាច្រើន ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏មានគុណវិបត្តិជាច្រើនផងដែរ តាមរយៈធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ការងារ និងទាមទារកម្រិតជំនាញខ្ពស់ថែមទៀត ជាពិសេសមានបទឧក្រិដ្ឋកម្ម បញ្ហាសន្តិសុខោងដែរ។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗផងដែរដូចជា មនុស្សយន្ត បាននឹងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ, ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា“។

សម្តេចតេជោ បន្ដថា វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាន នូវចំណេះដឹង និងបច្ចេកវិទ្យា និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

ផលប្រយោជន៍នោះ សម្តេចតេជោ បានលើកឡើងថា ទី១- បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន៖ ទូរស័ព្ទវៃឆ្លត (smart phone) បច្ចេកវិទ្យាក្លោដ (cloud computing) បច្ចេកវិទ្យាប្រើរូបូ (robotics) បច្ចេកវិទ្យាប្លុកឆេន (block chain) និង អ៊ិនធើណិតនៃបរិក្ខារ (internet of things) ជាដើម ដែលបានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្ស និងមនុស្ស បង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន។ និងទី២- បច្ចេកវិទ្យាឌីជីថល អាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវា សាធារណៈនៅតាមមូលដ្ឋាន ជួយឲ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានទទួលការស្វាគមន៍ដោយមនុស្សយន្តឈ្មោះ សូភា (Sophia Robot) ដែលនិយាយជាភាសារអង់គ្លេស។ ជាងនេះទៅទៀត មនុស្សយន្ត Sophia គឺត្រូវបាននាំមកដោយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ដើម្បីយកមកបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

ជាការឆ្លើយតបទៅនឹង មនុស្សយន្ដនេះ សម្តេចតេជោ តាមរយៈការស្វាគមន៍ដ៏កក់ក្តៅជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត (Robot Sophia) គឺជាការបង្ហាញពី "ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» និង «កិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា" គឺជាសក្ខីភាពបញ្ជាក់ច្បាស់អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post