header ads

Sponsor

ស្ទឹងត្រែងៈ ដោយសារតែអ្នកម៉ៅការដឹកសំរាមមិនបានយកចិត្តទុកដាក់ ធ្វើអោយគំនរសំរាម នៅជាប់របងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជំងឺដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

លោក សេង តុលា ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ បានសម្តែងក្តីបារម្ភថា គំនរសំរាមដ៏​ក្រាសក្រែ​លនេះ ពេលគរទុកយូរ បានបង្កក្លិនស្អុយអាសោច ពេលខ្យល់បក់មក ក្លិនវាសាយភាយទៅគ្រប់ទីកន្លែង ជាពិសេសគំនរសំរាម នៅជិតមណ្ឌលសុខភាពខេត្ត ជាប់របងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនេះតែម្តង  ហើយអ្នកជំងឺ​ឈឺល្មមៗធំក្លិនអាចបង្កើនភាពឈឺនោះបន្ថែមទៀត។

លោកថា មិនតែប៉ុណ្ណោះ សំរាមគររាយប៉ាយនេះ  វាក៏​ជាបញ្ហាប្រឈមមួយ ធ្វើឱ្យប៉ះពាល់ដល់ផ្នែកសោភ័​ណភាពក្រុងផងដែរ ក្នុងពេលដែលអាជ្ញាធរខេត្ត ក្រុង ផ្ចិតផ្ចង់រៀបទីក្រុងឱ្យមានសួនច្បារ ដាំផ្កា ធ្វើហេដ្ឋារចនាសម្ព័ន្ធស្អាត តែអ្នកគ្រប់គ្រងសំរាមពន្យារពេល ប្រមូ​លទុកគររហូតដល់៥ទៅ៧ថ្ងៃ ទើបបានមកយកនៅចំណុចនេះម្តង ដែលអាចបង្កផលប៉ះពាល់ដល់អ្នកជំងឺ​ ដែលសម្រាកនៅក្នុងមន្ទីរពេទ្យ។

លោកសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធកុំស្ពឹកពេក ងាកមកមើលគំនរសំរាមនៅជិតមន្ទីរពេទ្យបង្អែកខេត្តផង បើសិនជាអស់លោក ធ្វើមិនកើតទេ បង្ហាញថា ការដឹកនាំនេះ វាមានភាពកម្សោយ គួរតែខ្មាស​អៀនខ្លះផង។

ពាក់ព័ន្ធនិងបញ្ហានេះភ្នាក់ងារព័ត៌មានយើង បានធ្វើការទាក់ទងទៅម្ចាស់ប្រមូលសំរាមថ្មីឈ្មោះ ជា គង់ ដែលជាអ្នកទទួលប្រមូលសំរាមក្នុងខេត្ត ដើម្បីសាកសួរបញ្ជាក់ពីហេតុផលនេះដែរ តែទូរសព្ទ័មិនចូល ។

តែទោះជាយ៉ាងណាលោកអភិបាលរងក្រុង បានអះអាងថា លោកនឹងកោះ​​ហៅអ្នកម៉ៅការ ឈ្មោះ ជា គង់ ដែលជាអ្នកប្រមូលសំរាមថ្មីមកណែនាំ ដែលមិនបានទទួលខុសត្រូវក្នុងការដឹកជញ្ជូន និងប្រមូលសំរាមឱ្យបានទាន់ពេលវេលា ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ។

ប្រជាពលរដ្ឋដែលរស់នៅរងផលប៉ះពាល់ពីសំរាមក៏ស្អុយរលួយនោះ បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមក ការដឹកជញ្ជូនសំរាម អ្នកចាស់បានគោរពទៅតាមការណែនាំរបស់សាលាក្រុង បន្ទាប់ពីឈ្មោះ ជា គង់ មកម៉ៅការ និងធ្វើការដឹកសំរាមនោះ ហាក់បីដូចមិនបានគោរពទៅតាមសេចក្តីណែនាំរបស់សាលាក្រុងនោះទេ ធ្វើឲ្យសំរាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃបង្កផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺ​នៅក្នុងមន្ទីរពេទ្យផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post