
ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន មួយរូប រហ័សនាម P1 ដែលមហាជនតែងកោសសរសើរគាត់សកម្មខាងប្រដេញបង្ក្រាបមុខសញ្ញានោះ និងបានខិតខំតស៊ូបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនក្នុងនាមជាកងកម្លាំង ចេញល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងប្រដេញតាមមុខសញ្ញាគួរឲ្យសង្ស័យ ដោយសហការជាមួយដៃគូម្នាក់ទៀត ដែលសកម្ម និងជំនាញប្រដេញដូចគ្នានោះ គឺ "១៨អូ" ជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកដូចគ្នា ដែលពួកគាត់ទាំងពីរនាក់ តែងតែប្រទាក់ក្រឡាគ្នាក្នុងការតាមមុខសញ្ញាដែលគួរឲ្យសង្ស័យ ជាពិសេសបទល្មើសឆក់ទ្រព្យសម្បត្តិ ។
កន្លងទៅ រាល់ជនណាដែលកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ប្រទះឃ់ញគួរឲ្យសង្ស័យ ហើយឃាត់សួរនាំ និងសុំធ្វើការឆែកឆេរ តែមិនសហការហើយបើករត់គេចនោះ គឺតែងតែប្រឈមមុខជាមួយពួកគាត់ប្រដេញតាមបង្ក្រាបហើយ គឺប្រទាក់ក្រឡាគ្នាណាស់ ជាពិសេសលោកពូមេប៉ុស្តិ៍ទំនប់ទឹកតែម្ដង ជាការចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឆ្លងកាត់មូលដ្ឋាន លោកមេប៉ុស្តិ៍តែងដាក់កម្លាំងពួនស្ទាក់ទប់ស្កាត់បទល្មើស ប្រទាក់ក្រឡាគ្នា និងសហការគ្នាបានយ៉ាងល្អ ទើបឈានដល់ការបង្ក្រាបបានជារឿយៗ និងមិនងាយផុតទេ ដែលធ្វើអោយមហាជន និងអ្នកនិយមលេងហ្វេសប៊ុកពិតជាស្គាល់ថា ជើងខ្លាំងទាំងបី នៅទំនប់ទឹកជាអ្នកណា។
ចំណែកឯគណនេយ្យហ្វេសប៊ុកមួយបានរៀបរាប់កាលពីថ្ងៃទី១២ ខែមីនា ២០១៩នេះថា P1 មន្ត្រីប៉ូលិសប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម ផ្ដល់ការលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ក្លាហាន ខណៈពេលដែលគាត់លឺវិទ្យុទាក់ទងថា មានអគ្គិភ័យកំពុងឆេះផ្ទះនៅផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ភ្លាម គឺគាត់ក៏បានជិះម៉ូតូសំដៅទៅកន្លែងកើតហេតុនោះភ្លាម ដើម្បីជួយអន្តរាគមន៍តាមអ្វីដែលអាចធ្វើទៅបាន ទោះមិនមែនក្នុងមូលដ្ឋានគាត់ក៏ដោយ តែនេះជាទឹកចិត្តគាត់ ដែលបានជួយគាស់ទ្វា និងបំបែកកញ្ចក់ ដើម្បីឲ្យក្រុមពន្លត់អគ្គិភ័យ ធ្វើការបាញ់ទឹកពន្លត់ភ្លើងនោះ តែពិតជាមិនយល់ គ្រាន់តែគាត់មានចិត្តជួយប៉ុណ្ណឹងសោះ បែរជាមានអ្នកខ្លះនិយាយថា គាត់ធ្វើយកមុខមាត់ទៅវិញ! រកមើលទៅ សមត្ថកិច្ចដែលបម្រើពលរដ្ឋជាក់ស្ដែងបែបនេះ..។
តែគួរឲ្យសោកស្ដាយ ម៉ូតូរបស់ខ្លួន ដែលជាញឹសឈាមដែលខំសន្សំមកជាមួយប្រពន្ធ ត្រូវបានចោរលួចយកម៉ូតូទៅបាត់កាលពីយប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ លុះព្រឹកឡើងថ្ងៃទី១៧ មីនា ឆ្នាំ២០១៩នេះ កង់បីដែលប្រពន្ធលក់ម្ជូរលក់អីនោះ ក្រឡាប់ផ្ងារជើងទៀត ស៊យជាន់ស៊យហើយ។
ទើប P1 ក៏បានសរសេររៀបរាប់ទាំងចត់បាយ យំមិនចង់ចេញ តាមរយៈគណនេយ្យហ្វេសប៊ុករបស់លោក មានឈ្មោះថា "ជន ប្រមឹក" និងផេកឈ្មោះ "P1 ពេលរាត្រី" ដែលមានខ្លឹមសារទាំងស្រុងថា "ខ្ញុំសូមអរគុណរលោកចោរធំៗ ដែលបានលួចម៉ូតូខ្ញុំកាលពីយប់ 17.03.2019 តែបីនាទីសោះហ៊ានស៊ីផង សុំសរសើរ។ ព្រឹកឡើងក្រឡាប់កង់បីទៀត ស៊យជាន់ស៊យ បើសិនជាទ្រព្យខ្ញុំពិត ដោយញើសឈាមខ្ញុំពិត សូមសងខ្ញុំវិញ ១គុននិង១០បានខ្ញុំយក ទ្រព្យយើងនៅតែជារបស់យើងជន ប្រមឹក" ។
យោងទៅលើវីដេអូមួយ ដែលបានបង្ហោះនៅលើផេក P1 ពេលរាត្រី បង្ហាញពីសកម្មភាពជិះម៉ូតូដេញតាម ជនសង្ស័យពីរនាក់ យ៉ាងស្វិតស្វាញរបស់ក្រុមប៉ូលីស សង្កាត់ទំនប់ទឹក ខណៈពេលដែលចេញល្បាត បានប្រទះឃើញ ជនសង្ស័យមួយក្រុមមានគ្នា ២នាក់ ជិះម៉ូតូ Honda Dream គ្មានស្លាកលេខ ហើយថែមមានស្ពាយកាបូបចំហៀង ទំនងជាកាបូបមនុស្សស្រី ឃើញដូចនេះ ប៉ូលីសល្បាតមានការសង្ស័យ រួចក៏ហៅពួកគេអោយឈប់ តែពួកគេបែរជាមិនឈប់ រឹតតែបន្ថែមល្បឿនម៉ូតូទៅមុខ ឆ្ពោះសំដៅទៅវិមាន រួចឆ្វែលទៅម្តុំអគារ ៤២ជាន់ ទើបបោះដៃតាមវិទ្យុទាក់ទងសហការជាមួយកម្លាំងសហប៉ុស្តិ៍នៃអធិការដ្ឋានខណ្ឌចំការមន ចេញជួយស្ទាក់អាចឃាត់ខ្លួនបាន ហើយក៏បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីសួរនាំ។
១ករណីទៀត ជនសង្ស័យចំនួន៣នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិទំនប់ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីឆែកឆេរ រកឃើញនូវ ឧបករណ៍សំរាប់ កាច់ក ម៉ូតូនិងឆ្កឹះសោរមួយឈុតនៅវេលាម៉ោង ១យប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ទុលមុខផ្ទះលេខ ៦D ផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទី១ឈ្មោះ ជា ហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអូសបន្លែនៅផ្សារដើមគរ ស្នាក់នៅផ្សាដើមគរ ។ ទី២ ឈ្មោះ សួស រ៉េត ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរអូសបន្លែនៅផ្សារដើមគរ ស្នាក់នៅខាងក្រោយមន្ទីរពេទ្យរ៉ូស្សុី ។ ទី៣ឈ្មោះ សំរឹត ទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិនពិតប្រកដ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ដកហូតបាន ឧបករណ៍សំរាប់កាច់កម៉ូតូ និងឆ្កឹះសោរ មួយឈុត នឹងម៉ូតូម៉ាក YAMAHA FZ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA 1128 មួយគ្រឿង ។
តាមសម្តី លោក ផន សំអូន មេប៉ុស្តិ៍ទំនប់ទឹក បានអោយដឹងថា មុននិងឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យទាំងនោះបាន គឺកម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗ និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ខណះមកដល់ផ្លូវ ៤៣០ក្រោយមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៍ស្រាប់ប្រទះឃើញ បុរស៣នាក់ខាងលើ បានជិះម៉ូតូធន់ធំ បានជិះចុះជិះឡើង ក្នុងមូលដ្ឋានរបស់គាត់ ដោយសារតែមានការ សង្ស័យកម្លាំងសមត្ថកិច្ចរបស់លោក បានជិះម៉ូតូដេញតាម បុរសទាំង៣នាក់នោះ ដើម្បីសុំធ្វើការត្រួតពិនិត្យ តែក្រុមបុរសបីនាក់នោះបានជិះម៉ូតូ បំរុងគេចខ្លួន រហូតដល់ ផ្លូវ៤០២ ទុលមុខផ្ទះលេខ៦D ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែរកឃើញ ឧបករណ៍សំរាប់កាច់កម៉ូតូនិងឆ្កឹះសោរ មួយឈុត ដែលជនសង្ស័យបានលាក់ទុក ក្នុងកែបម៉ូតូ ទើបនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាលទំនប់ទឹកតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា ឧបករណ៍សំរាប់កាច់កម៉ូតូនិងឆ្កឹះសោរមួយឈុតនោះគឺពិតជារបស់ពួកគេពិតប្រាកដមែន ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យព្រមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធី ៕






























