header ads

Sponsor

ភ្នំពេញៈ តារាចម្រៀងស្រីយ៉េៗចូលចិត្តការតុបតែងខ្លួនសិចស៊ី អ្នកនាង ឆៃ លីដាឡែន កាលពីយប់មិញ បានជួបរឿងហួចចិត្តខ្លាំង នឹងភ័យស្ទើរតែព្រលឹងរត់ចេញពីខ្លួន ក្រោយពេលដែលជិះប៉ះចំអ្នកបើកបរ Passapp ចរិកស្ទាវ។ ម្យ៉ាងទៀត​ នាងក៏បានពោលពាក្យហាក់នៅមានអារម្មណ៍ភ័យថា ភ្លាមៗនោះព្រលឹងរបស់នាងស្ទើរមិននៅក្នុងខ្លួនសោះឡើយ។

ការបង្ហាញអារម្មណ៍ភិតភ័យរបស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន ពេលនេះ បានធ្វើឡើង បន្ទាប់ពីមានការបង្ហោះនូវរូបភាព និងវិដេអូបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងអ្នកបើកបរ Pass app និងរថយន្ត បណ្តាលឲ្យរងរបួស បង្កឲ្យមាន​ការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

អ្នកនាង ឆៃ លីដាឡែន បានបង្ហោះភ្ជាប់ជាមួយទិដ្ឋភាពនៃគ្រោះថ្នាក់នោះថា «និយាយទៅខ្ញុំខ្លាចណាស់​ រឿងជិះ Pass app នេះ​ មិនដូចពីមុនទេ​ ឡូវនេះអ្នកខ្លះបើ​កលឿនហើ​យព្រហើ​ន​ ដូចយប់មិញខ្ញុំជិះ Passapp អញ្ចឹង​ គាត់ដាក់កាស នឹងត្រចៀកហើ​យឲ្យ​តែខឹងម៉ូតូណាជិះឈ្លើ​យដាក់គាត់​ គឺគាត់បើ​កលឿនវ៉ាប្រជែង ហើយកៀរម៉ូតូនោះ​ ឯ​ងអ្នក​នេះជិះវិញព្រលឹងហោះទៅស៊ី​អាចម៍ហើ​យ​ គួរអោយខ្លាចណាស់​ សូមបងៗ Pass App មួយចំនួន សូមមេត្តាបើ​កបរគិតដល់អ្នកជិះផង»

ការបញ្ចេញទស្សនៈរិះគន់របស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន ខាងលើនេះដែរ បានធ្វើអ្នកគាំទ្រមួយចំនួនបង្ហាញទស្សនៈគាំទ្រ និងលើកឡើងប្រហែលគ្នានឹងនាងផងដែរ។ ខណៈមានខ្លះទៀត ក៏បានបញ្ចេញមតិដែរថា ករណីនេះមានដោយបុគ្គលនោះទេ ពោលគឺពុំមែនឲ្យតែអ្នករត់កង់បី​ ឬ Passapp សុទ្ធតែមានចរិកដូច្នេះឡើយ ព្រោះថា ពេលខ្លះមានតែបុគ្គល ៣ ឬ ៤នាក់ តែធ្វើឲ្យស្លុយឈ្មោះអ្នក ដែលល្អៗមួយចំនួនទៀត។

គេក៏សង្កេតឃើញថា មហាជនជាច្រើន បានសម្តែងមតិចំពោះករណី Passapp ដែលបើកបរលឿនមិនប្រុងប្រយ័ត្ន ជាពិសេស គឺចំពោះភ្ញៀវ ដែលចូលរួមធ្វើដំណើរជាមួយ ត្រូវជិះទាំងព្រលឹងចុងសក់។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ​មនុស្ស​ចំនួន​៥​នាក់​ ជា​ភ្ញៀវ​ជួល​កង់​បី​ឥណ្ឌា​ជិះ តែ​អ្នកបើកបរ​មិនបាន​ប្រុងប្រយ័ត្ន​ ​ណាមួយ​បើក​លឿន​ផង​នោះ មិនបាន​ចាប់អារម្មណ៍​ ទើ​បជ្រុលទៅបុកពីក្រោយ​រថយន្ដ​សណ្ដោង​កុងតឺន័រ​វែង​មួយគ្រឿង ដែលឈប់​ចតចោលលើ​ផ្លូវ​នោះ បណ្ដាលឲ្យអ្នកបើ​កបរគាបជាប់កង់បី​ រងរបួសធ្ងន់​ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរនាំគ្នាជួយយកចេញមកក្រៅ និងមនុស្ស៤នាក់ទៀត ​រងរបួសធ្ងន់ស្រាល​ កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវសហព័ន្ធរុស្ស៊ី​ ទល់មុខព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំ​ពេញ មុខ​ភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ដ​កុងតឺន័រ​ខាង​លើ ពណ៌​ស ពាក់​ស្លាក​លេខព្រះសីហនុ 3A-1185 ឈប់​ស្រប​ទិសលើ​ចិញ្ចើមផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​។ ចំណែក​ម៉ូតូ​កង់​បីឥណ្ឌា (​Passapp​) ពណ៌​ស ពាក់​ស្លាក​លេខកំពង់ចាម 1U-0387 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា បុក​ពីក្រោយ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​វាស់វែង​ហើយ​យក​រថយន្ត​កុងតឺន័រ​និង ម៉ូតូ​កង់​បី​យក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ថ្ងៃក្រោយ​។ ចំណែកជនរងគ្រោះ​ត្រូវ​បាន​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ ​ដើម្បី​ជួយសង្គ្រោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post