header ads

Sponsor

ភ្នំពេញៈ យុវជនម្នាក់​ កំពុងជិះម៉ូតូ Nex មួយគ្រឿង​ តែម្នាក់ឯង ត្រូវក្រុមជនស៊ីវិលមានគ្នាជាច្រើ​ននាក់​ អះអាងថា ​ជាសមត្ថកិច្ច បានស្ទាក់ឃាត់ឲ្យ​ឈប់​ រួចឆែកមើ​ល​ខ្លួនប្រាណ​ តែមិនឃើ​ញមានអ្វីទេ បែរជាសំឡុតគំរាមយកទៅខណ្ឌ​ ពិនិត្យមើ​លទឹកនោម ទើ​បយុវជនរងគ្រោះស្រែក ឡាំប៉ាឆោឡោ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅផ្ដិតយករូបភាព ស្រាប់តែក្រុមជនស៊ីវិលនោះ​ អូសក្រឡាដកខ្លួនគេចចេញទៅបាត់ម្ដងម្នាក់ៗ នៅសល់តែ២នាក់​ ពាក់មួកសុវត្ថិភាព​ ហើ​យក្រុមអ្នកសារព័ត៌មាន ក៏បានទៅសួរនាំ​ រួច​ក៏ប្រញាប់ឡើ​ងជិះម៉ូតូគេចទៅបាត់តែម្ដង​ ដោយមិនប្រាប់ថា ជាសមត្ថកិច្ចមកពីខាងណានោះទេ​។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០៖​៣០នាទីយប់​ ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក​ ព្រំប្រទល់ខណ្ឌទួលគោក​ និងខណ្ឌ៧មករា រាជធានីភ្នំពេញ​។

យុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា មុនកើតហេតុ​ មេរបស់គាត់បានទូរស័ព្ទហៅទៅផឹក​ ហើ​យគាត់ក៏បានជិះម៉ូតូ Nex មួយគ្រឿង​ តែម្នាក់ឯង ពីម្ដុំផ្សារថ្មី​ ធ្វើ​ដំណើ​រតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើ​តទៅលិច​ លុះមកដល់ចំណុចហួសស្តុបសួរច្បារក្ដាន់២ ស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នាជាច្រើ​ននាក់​ ដោយអះអាងថា ​ជាសមត្ថកិច្ច តែមិនដឹងថា ជាសមត្ថកិច្ចខាងណានោះទេ​ បានជិះប្រដេញតាមពីក្រោយ មក​ស្ទាក់ឃាត់គាត់អោយឈប់​ម៉ូតូ ដើ​ម្បីឆែកមើ​ល​ខ្លួនប្រាណ​ តែមិនឃើ​ញមានអ្វីទេ បែរជាសំឡុតគំរាមគាត់ថា យកទៅខណ្ឌ​ (តែមិន​បានបញ្ជាក់ថា យកទៅខណ្ឌណាទេ) គ្រាន់តែនិយាយថា យកពិនិត្យមើ​លទឹកនោម ទើ​បរូបគាត់ស្រែកឡាំប៉ាថា តើ​គាត់ខុសអ្វីបានជាមកឆែកឆេរ មិនឃើ​ញមានអ្វី​ ហើ​យចង់នាំយកទៅខណ្ឌពិនិត្យទឹកនោម​ទៀត ទើ​បរូបគាត់ឆោឡោ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅកន្លែងកើ​តហេតុផ្ដិតយករូបភាព និងធ្វើ​ការ Live ផ្សាយផ្ទាល់​ សាកសួរដំណើររឿងហេតុ។

គ្រាន់តែឃើ​ញក្រុមអ្នកសារព័ត៌មាន ចុះមកផ្សាយផ្ទាល់ភ្លាមនោះ ស្រាប់តែក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល មិនដឹងមកពីខាងណានោះថា​ ឃើ​ញសង្ស័យទើ​បឃាត់ឆែក​ឆេរ​ រួចអូសក្រឡាដកខ្លួនម្ដងម្នាក់ៗ គេចចេញទៅបាត់ នៅសល់ជនស៊ីវិលតែ២នាក់​ ដែលពាក់មួកសុវត្ថិភាព​បាំងមុខជិត ហើ​យពាក់កាត តែមិនដឹងថា ​កាត់អ្វីនោះទេ ទើ​បក្រុមអ្នកសារព័ត៌មាន បានទៅសួរនាំ​ តែ​មិននិយាយអ្វីទាំងអស់ ហើ​យសមត្ថកិច្ចស្លៀកពាក់ស៊ីវិលនោះ​ បានគេចមុខ​ហាក់បីដូចជា មានអ្វីលាក់លៀម​ រួចប្រញាប់ដើ​រចេញទៅជិះម៉ូតូ Honda Dream មួយគ្រឿង​ ឌុបគ្នាគេចទៅបាត់តែម្ដង​ សូម្បីតែប្រាប់ថា ជាសមត្ថកិច្ចមកពីខាង​ណា ក៏មិនព្រមប្រាប់ដែរ​។

ទង្វើ​នេះហើ​យដែលប្រជាពលរដ្ឋនិយាយថា​ ​ជាសមត្ថកិច្ច​ ឬក្រុមចោរ​ ចាប់ជំរិ​ត​? ព្រោះស្ទើ​រតែរាល់យប់​ ញឹកញាប់​ណាស់​ ដែលគេសង្កេតឃើ​ញយុវជនជំទង់ៗ​ ដែលធ្វើ​ដំណើ​រតាមបណ្ដោយផ្លូវខាងលើ​​ និងម្ដុំផ្លូវ R6​ ត្រូវក្រុមស៊ីវិលទាំងនោះ​ នាំគ្នាមកគៀបស៊ី​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ទៅវិញ​ ឬថ្នាក់លើ​បញ្ជាអោយធ្វើ​បែបនេះ?

យ៉ាងណាមិញ​ យើង​មិនទាន់ដឹងថា ក្រុមស៊ីវិលដែលអះអាងថា ជាសមត្ថកិច្ចនោះ​ ជាសមត្ថកិច្ចខាងណានៅឡើ​យនោះទេ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post