header ads

Sponsor

ភ្នំពេញៈ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​ផ្ដាច់​និស្សិត​ស្រី​ម្នាក់​នៅ​មូល​ដ្ឋានខណ្ឌ​ទួល​គោក នារ​សៀល​ថ្ងៃ​ទី ២៦ ខែ មីនា ឆ្នាំ​​២០១៩​នេះ ហើយ​បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម Facebook មហាជន​បាន​ប្រកាស​ថ្កោល​ទោស​ខ្លាំង​ទៅ​លើ​អ្នក​បើក​រថយន្ត​មួយ​នេះ គិត​មក​ដល់​ពេល​នេះ ជន​បង្ក​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​បាន​នៅ​ឡើយ ប៉ុន្តែ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្វែង​រក​ឃើញ​ហើយ។ ករណី​នេះ លោក​​មេធាវី ចិត្ត​ល្អ​ម្នាក់​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​និង​ជួយ​ការពារ​ក្ដី​ដោយ​មិន​គិត​ប្រាក់ លើ​រឿង​ក្ដី​នេះ ប្រសិន​បើ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ត្រូវ​ការ​សេវា​​មេធាវី​ឲ្យ​ជួយ។

មេធាវី​ខាង​​លើ​មាន​ឈ្មោះ​ថា ឈន សុភាន លោក​បាន​​ប្រកាស​បែប​នេះ​នៅ​លើ​គណនីយ​Facebook​លោក​​ផ្ទាល់​តែ​ម្ដង។ ​​Facebook​ឈ្មោះ "ឈន សុភាន" បាន​សសរ​យ៉ាង​ដូច្នេះ​ថា"  បើ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ ខ្ញុំ​ស្ម័គ្រចិត្ត​ ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​ អោយ​ប្អូន​ស្រី​ដែល​រង​គ្រោះ​ ដោយ​មិន​យក​ថ្លៃ​សេវា​ជួល​មេធាវី​ឡើយ"។

លោក​​មេធាវី​ខាង​លើ​​បាន​បញ្ជាក់​បន្ថែម​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​​​ជួយ​ការពារ​ក្ដី​​នេះ​ ត្រូវ​លោក​​មេធាវី​បញ្ជាក់​បន្ថែម​ថា ក៏​ព្រោះ​តែ​លោក​មើល​ឃើញ​ទង្វើ​ដែល​បង្ក​​​ឡើង​ដោយ​អ្នក​បើកបរ​ មាន​ភាព​ឃោរឃៅ​ខ្លាំង​ពេក មួយ​វិញ​ទៀត​លោក​មាន​ការ​​អាណិត​អាសូរ​ជា​ខ្លាំង​ទៅ​លើ​និស្សិត​ស្រី​ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ។​

លោក​​មេធាវី​បាន​បន្ត​ទៀត​ថា ពាក្យ​ថ្នាក់ដឹកនាំ ដែល​លោក​បាន​លើក​ឡើង​លើ គណនីយ​Facebook​របស់​លោក​នោះ  គឺ​លោក​ចង់​​សំដៅ​ទៅ​លើ​ការ​គាំទ្រ​ឬ មិន​គាំទ្រ ពី​សំណាក​​​​មហាជន​ទាំង​​និង​ក្រៅ​ប្រទេស ថា​តើ​ចង់​​ឬ​មិន​ចង់ ឲ្យ​លោក​​ជួយ​ការពារ​លើ​​រឿង​ក្ដី​នេះ។

សូម​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។ រថយន្ត​ដែល​បង្ក​ហេតុ​នោះ ម៉ាក​ Rang Rover ពណ៌ខ្មៅ ផ្លាក​លេខ​ភ្នំពេញ 2AF-7777 ។ ម្ចាស់​ដើម​នៃ​រថយន្ត​មាន ឈ្មោះ សេង ពិទូ ប៉ុន្តែ​ម្ចាស់​ដើម ត្រូវ​បាន​លក់​បន្ត​រថយន្ត​១​គ្រឿង​នេះ ទៅ​ឲ្យ​យានដ្ឋាន​១​មួយ​កន្លែង ហើយ​ម្ចាស់​យានដ្ឋាន​នោះ​លក់​ទៅ​ឲ្យ​អ្នក​ទិញ​ផ្សេង​ទៀត ជា​បន្ត​បន្ទាប់។

ជន​រងគ្រោះ​មាន​ឈ្មោះ ឌុំ រីដា ​អាយុ​២២ឆ្នាំ មាន​ស្រុក​កំណើត ភូមិ កំពង់ដំរី ឃុំ ព្រែកតាមាក់ ស្រុក ខ្សាច់​កណ្ដាល ខេត្ត កណ្ដាល។ រីដា​ជា​កូន​ស្រី​មក​ពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​មួយ​ក្នុង​ខេត្ត​កណ្ដាល​។ក្មេង​ស្រី​ម្នាក់​​នេះ គឺ​ជា​សិស្ស​ឆ្នើម​មួយរូប និង​ទទួល​បាន​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ​ «ផារ៉ាហ្គន» អតីត​សាកលវិទ្យាល័យ «ហ្សាម៉ាន់»។ បច្ចុប្បន្ន​នាង​គឺ​ជា​និស្សិត ឆ្នាំ​ទី៤ ជិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទៅ​ហើយ ប៉ុន្តែ​គូឲ្យ​សោកស្ដាយ ក្មេង​ស្រី​រូប​នេះ បាន​ស្លាប់​​ទៅ​ហើយ ក្រោម​អ្នក​បើក​បរ Rang Rover ​ខាង​លើ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា រថយន្ត​ Rang Rover បង្ក​​នោះ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ហើយ​ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​ចប់​បាន​ឡើយ។ លោក​មេធាវី បាន​បញ្ជាក់​ជា ចុង​ក្រោយ​ថា ប្រសិន​បើ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ត្រូវ​ការ​សេវា​មេធាវី​ឲ្យ​លោក​ជួយ អាច​ទាក់​ទង​មក​លោក​​លោក​ផ្ទាល់​បាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post