
បាត់ដំបងៈ យ៉ាងហោណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកស្របទិសគ្នាពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣៖២០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិ៥ ចំណុចអូរតាមៀវ ក្រុម១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH-៥០៤៨ បើកបរដោយឈ្មោះ ច្រឹក ទិត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិតានេស ឃុំរលៀប្អៀ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរទិសដៅពីភ្នំពេញទៅបាត់ដំបងមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ ២V-៩៦០៤ បើកបរដោយឈ្មោះ អំ ជៀន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិម្នងឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ខណៈកំពុងឈប់មើលអីវ៉ាន់ផ្នែកខាងក្រោយ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់។
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះទី១ឈ្មោះ អំ ជៀន អ្នកបើកបរ(ស្លាប់) ២ ឈ្មោះ គីម អ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ កម្មកររបួសស្រាល ៣ ឈ្មោះ ឆន វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ របួសស្រាល អ្នកទាំង២ រស់នៅភូមិពពេល ឃុំត្រស់ ស្រុករមាស់ហែក ខេត្តសា្វយរៀង ៤ មិនស្គាល់អត្តសញ្ញាណរបួសធ្ងន់ បញ្ជូនទៅពេទ្យខេត្តបាត់ដំបង។
ក្រោយកើតហេតុសាកសព សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោង និងពេទ្យខេត្ត ចំណែករថយន្តយករក្សាទុកនៅអធិការនគរបាលស្រុក៕






