
កោះកុងៈ តុលាការខេត្តកោះកុង បានចេញដីកាកោះហៅបុរសជនជាតិអេស្បាញម្នាក់ឲ្យចូលមកឆ្លើយបំភ្លឺក្នុងសវនាការ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងនាមជាជនជាប់ចោទ។
យោងតាមឯកសាររបស់តុលាការខេត្តកោះកុង លោក អ៊ីវ ត្រាយ ជាតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានអញ្ជើញឈ្មោះ ALEXJANDRO GONZALEZ DAVIDSON ហៅអាឡិច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអាស្បាញ មានអាសយដ្ឋានផ្ទះលេខ៧ ផ្លូវ អូសៀលម៉ាច ភូមិម៉ាលហ្វ្រាតជីម៉ា០៨៣៨០ បាសេឡូណា ប្រទេសអេស្បាញ អោយចូលមកសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទី ជាកំហិត ដើម្បីបំភ្លឺនាពេលសវនាការ អំពីរឿងឈ្មោះ ALEXJANDRO GONZALEZ DAVIDSON ជាប់ចោទពីបទសមគំនិតក្នុងអំពើគំរាមកំហែង ថានឹងធ្វើអោយខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តនៅចំណុចព្រែកអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបទូមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥ និងថ្ងៃទី១២ សីហា ឆ្នាំ២០១៥ បទល្មើសដែលមានចែងមានបញ្ញត្តិអោយផ្ដន្ទាទោសតាមមាត្រា ២៩ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។
សាមីខ្លួន ត្រូវទៅអោយទាន់ពេលវេលា និងយកឯកសារ ដែលមានទាក់ទងនិងរឿងក្ដីខាងលើប្រសិនបើមាន។
សវនាការនេះ ដឹកនាំដោយលោក កែវ សុខា ជាចៅក្រមជំនុំជម្រះតុលាការខេត្តកោះកុង និងលោក អ៊ីវ ត្រាយ ជាតំណាងអយ្យការ។
គួររំឭកថា លោក អាឡិច ត្រូវបានរដ្ឋាភិបាលកម្ពុជា បានដាក់ចូលក្នុងបញ្ជីរខ្មៅ ដោយហាមមិនឲ្យលោកចូលមកកាន់ទឹកកម្ពុជានោះទេ បន្ទាប់ពីលោកបានបង្កបញ្ហានៅក្នុងខេត្តកោះកុង ។
យើងរង់ចាំមើលថា តើរដ្ឋាភិបាល នឹងផ្តល់សិទ្ធិឲ្យលោកមកឆ្លើយបំភ្លឺនៅចំពោះមុខតុលាការដែរឬទេក្នុងរឿងក្ដីនេះ៕

