
កំពង់ឆ្នាំងៈ អាវុធ និងគ្រាប់បែកដៃ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នាំគ្នាមករាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យ និងយកទៅរក្សាទុក។
សមត្ថកិច្ច បានឲ្យដឹងថា ការប្រទះឃើញអាវុធ និងគ្រាប់នេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ហើយត្រូវបានប្រជាពលរដ្ឋម្នាក់ឈ្មោះ សុះ អ៊ុលឡាវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរាយការណ៍ប្រាប់សមត្ថកិច្ចនៅវេលាមោង៣៖១៥នាទីរសៀលថ្ងៃទី២៧ មេសា ២០១៩។
សមត្ថកិច្ច បានបន្តថា ពលរដ្ឋឈ្មោះ សុះ អ៊ុលឡាវី បានប្រទះឃើញអាវុធ Ak47ស្វាយបត់ និងគ្រាប់មួយចំនួន ខណៈគាត់បានជីកដីសាងសង់ផ្ទះថ្មី ហើយក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យចុះទៅពិនិត្យ។
ក្រោយចុះទៅពិនិត្យ សមត្ថកិច្ចបញ្ជាក់ថា អាវុធខាងលើនេះ គឺកាំភ្លើងAK ស្វាយបត២ដើម(ខូចគុណភាព) បង់ចំនួន២ គ្រាប់៥៨គ្រាប់ (មានគុណភាព៩៥%) គ្រាប់បែកដៃ១គ្រាប់(ពុំស្គាល់ម៉ាក)។
បច្ចុប្បន្នអាវុធ និងគ្រាប់បែក ត្រូវបានយកមករក្សាទុកប៉ុស្តិ៍រដ្ឋបាលឃុំឈូកស រង់ចាំប្រគល់ជូនសមត្ថកិច្ចស៊ីម៉ាក់៕

