
ព្រះសីហនុៈ លោក ស៊ីន សុផាត ស្នងការរងទទួលបន្ទុកផ្នែកបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីកាំកុងត្រូល មន្ត្រីជលផល និងកម្លាំងជំនាញចម្រុះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ២៧ខែ មេសា ឆ្នាំ២០១៩ បានឃាត់រថយន្តដឹកបង្គាផ្ទុកសារធាតុគីមួយមួយគ្រឿង ដែលដឹកមកពីប្រទេសវៀតណាម តាមច្រកទ្វាព្រែកចាកយកមកចែកចាយនៅក្រោយផ្សារលើខេត្តព្រះសីហនុ ហើយភ្លាមៗនោះតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ដោយមិនបានសហការណ៍ជាមួយសមត្ថកិច្ចទេ ដោយបន្សល់ទុករថយន្ត និងទំនិញ។
សមត្តកិច្ច បានត្រួតពិនិត្យរួច ឃើញថា មានបង្គាស្រស់ ដែលបានបង្កប់ចាហ៊ួយមានសារធាតុគីមី មានចំនួន៤៥កេស ស្មើ៩០០គីឡូក្រាម។ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ និងអាជីវករនៅទីនោះ បានប្រាប់ថា ឡានដឹកបង្គានេះ ក្នុងមួយខែដឹកបី ទៅបួនឡាន ហើយប្រជាពលរដ្ឋនៅទីនោះ បានសាទរ និងសូមសំណូមពរដល់មន្រ្តី ដែលជាប់ពាក់ព័ន្ធ ជួយរឹតបណ្តឹងក្នុងការត្រួតពិនិត្យម្ហូបអាហារ និងទំនិញផ្សេងៗទៀត ដែលខូចគុណភាព និងមានសារធាតុគីមីមន្ថែមទៀត។
មន្រ្តីជំនាញសាខាកាំកុងត្រូល បានបញ្ជាក់ថា ប្រតិបត្តិការនេះ ជោគជ័យបាន ដោយមានការសហការគ្នាជាប្រចាំរាល់ខែ និងមានការចុះត្រួតពិនិត្យក្នុងមួយខែបួនដង ដោយបានដឹងពីប្រភពច្បាស់លាស់ គឺនាំចេញមកពីប្រទេសវៀតណាម ច្រកព្រែកចាកខេត្តកំពត យកមកចែកចាយនៅក្រោយផ្សារលើ ខេត្តព្រះសីហនុ។
មន្ត្រីសាខាកាំកុងត្រូល ក៏បានសូមអោយអាជីវករទាំងអស់ ប្រុងប្រយ័ត្ន និងបញ្ឈប់ជាបន្ទាន់ក្នងលក់ដូរ និងការចរាចរទំនិញម្ហូបអាហារខូចគុណភាព និងមានសារធាតុគីមី ហើយចូលរួមលុបបំបាត់ ការប្រើប្រាស់សារធាតុគីមីទាំងអស់គ្នា។
បច្ចុប្បន្នបង្គាទាំងនោះ ត្រូវបានដុតចម្ទេចចោល ចំណែករថយន្តសមត្ថកិច្ចបានយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕












