header ads

Sponsor

យោងតាមផេគ ធនាគារ ABA បានឲ្យដឹងនៅមុននេះបន្តិចថា នៅថ្ងៃ ច័ន្ទ ទី០៨ ខែមេសា ឆ្នាំ ២០១៩ សមត្ថកិច្ចបានបញ្ជូនលោក Hofer ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ គាត់ត្រូវបានជាប់សង្ស័យពីការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងមាត្រា 377 និង 378 នៃក្រមព្រហ្មទណ្ឌ (ការបន្លំ) មានស្ថានទម្ងន់ទោសជាប់ពន្ធនាគារពី 6ខែ ទៅ 3ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី 1លានរៀល ទៅដល់ 6លានរៀល។ ក្រុមអ្នកច្បាប់របស់ធនាគារ ABA នឹងបន្តធ្វើការសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់ ហើយយើងនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានជូនលោកអ្នកនៅពេលបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ ធនាគារ ABA ក៏សូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលធ្វើការចោទប្រកាន់ធនាគារពាក់ព័ន្ធនឹងករណីក្រដាសប្រាក់ដែលមិនអាចប្រើប្រាស់បាននេះផងដែរ។ យើងនៅតែជឿជាក់ថា វាគឺជាផែនការទុច្ចរិត ដែលមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ និងយើងសូមរក្សារសិទ្ធិបញ្ជូនករណីបែបនេះទៅកាន់អាជ្ញាធរក្នុងតំបន់ និងចាត់វិធានការចំពោះករណីចោទប្រកាន់បែបនេះ ទៅតាមទំហំដែលផ្លូវច្បាប់អនុញ្ញាត។

សូមជម្រាបថា កាលពីថ្ងៃទី 6 ខែមេសា លោក Peter Hofer ដែលជាជនជាតិស្វ៊ីស បានអះអាងថា គាត់បានទទួលក្រដាសប្រាក់ 100 ដុល្លារ ដែលមានពាក្យ COPY (លេខមាលា HH 26841921 E) ពីម៉ាស៊ីន ATM ដែលមានទីតាំងនៅក្នុងសាខាធនាគារ ABA ផ្សារធំថ្មី។

ភ្លាមៗក្រោយពីបានទទួលពាក្យបណ្តឹង ក្រុមការងារពាក់ព័ន្ធរបស់ធនាគារ បានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់។ ដំបូង យើងរកឃើញថា លេខមាលារបស់ក្រដាសប្រាក់ដុល្លារដែលភ្ញៀវបានរាយការណ៍មកនោះ មិនមាននៅក្នុងកំណត់ត្រាក្រដាសប្រាក់ដែលចេញពីប្រព័ន្ធរបស់យើងខ្ញុំឡើយ។ បន្ថែមពីលើនោះទៀត រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពរបស់យើងបានបង្ហាញថា ការពិតលោក Hofer បានទទួលក្រដាសប្រាក់ពិតចេញពីម៉ាស៊ីន ATM ហើយបន្ទាប់មកបានដូរវាជាមួយក្រដាសលុយ COPY ដែលយកចេញពីកាបូបស្ពាយរបស់គាត់។

បន្ទាប់ពីការសើបអង្កេត នៅថ្ងៃតែមួយនោះ ក្រុមការងាររបស់យើងបានអញ្ជើញលោក Hofer មកកាន់សាខារបស់យើង ហើយយើងបានបង្ហាញគាត់នូវរាល់ភ័ស្តុតាងនៃការបន្លំរបស់គាត់ និងបានសួរនាំគាត់អំពីករណីនេះ។ លោក Hofer បានសារភាពថាគាត់ពិតជាបានព្យាយាមបោកប្រាស់ធនាគារមែន។ ជាលទ្ធផល ក្រុមសន្តិសុខរបស់ធនាគារ ABA បានបញ្ជូនគាត់ទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់វិធានការបន្តរួមជាមួយនឹងអំណះអំណាង និងភ័ស្តុតាងផ្សេងៗ។
ខាងធនាគារ ABA ក៏សូមធ្វើការរំលឹកដល់អតិថិជន សូមត្រួតពិនិត្យ និងរាប់លុយរបស់ខ្លួនឲ្យបានច្បាស់ មុននឹងចេញពីម៉ាស៊ីន ATM ឬ បញ្ជររបស់ធនាគារ ព្រោះថា ធនាគារមិនទទួលខុសត្រូវឡើយចំពោះបញ្ហាដែលកើតមានបន្ទាប់ពីភ្ញៀវចាកចេញ។
សូមអរគុណ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post