header ads

Sponsor

ភ្នំពេញៈ ញៀនល្បែងកែមិនឡើង!!! បុរសម្នាក់ ជាអ្នករត់កង់បីឥណ្ឌាម្នាក់ ខ្លីម៉ូតូអ្នកផ្ទះយកទៅបញ្ចាំ ចំនួន៦០០ដុល្លារលេងល្បែងនៅស៊ីណូចាញ់អស់ តែអ្នកផ្ទះលួសយកមកវិញម្ដងហើយ តែលើកនេះ យកទៅបញ្ជាំ៤០០ដុល្លារ  លេងល្បែងចាញ់ខ្ទេចទៀត គេចបាត់ពីផ្ទះ៣ថ្ងៃ ចៃដន្យអ្នកផ្ទះតាមរកឃើញ ចាប់បាននៅហ្គារ៉ាសសាំងកាល់តិច ត្រង់ស្តុបអគារ៤២ជាន់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌដូនពេញចុះអន្តរាគមន៍ តែក្រុមគ្រួសារថា នាំយកទៅប៉ុស្តិ៍ទួលសង្កែ២ ឲ្យសមត្ថកិច្ចចាត់ការវិញ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង១១៖១៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច (ស្តុបអគារ៤២ជាន់) ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុមួយវិញទៀត បានប្រាប់ឲ្យភ្នាក់ងារយើងដឹងថា នៅមុនកើតហេតុ គាត់គ្រាន់តែឃើញបុរសម្នាក់ ឈរ រេរាតែម្នាក់ឯង នៅចំណុចកើតហេតុខាងលើ ដោយមិនដឹងមកពីណានោះទេ ព្រោះមិនបានចាប់អារម្មណ៍ទេ មួយសន្ទុះក្រោយមក  ស្រាប់តែមានបុរស២នាក់ បើកកង់បីឥណ្ឌា ពណ៌ស ម្នាក់មួយគ្រឿង និងបុរសនារី២នាក់ ជិះម៉ូតូ(មិនចាំម៉ាក )មួយគ្រឿងឌុបគ្នាមកដល់កន្លែងកើតហេតុ ទាំងអស់គ្នាតែម្ដង ហើយឃើញបុរសម្នាក់ដែលឈរម្នាក់ឯងនោះ បម្រុងរត់តែត្រូវបានបុរសម្នាក់ ដែលបើកកង់បីឥណ្ឌា កាន់ដែកទីបរលាស់ចង្អុលបុរសម្នាក់នោះ និងស្រែកសំឡុតកុំឲ្យរត់ ទើបបុរស២នាក់ ដែលបើកកង់បីឥណ្ឌានោះ ចាប់ឃាត់បុរសម្នាក់នោះ រុញឡើងលើកង់បីឥណ្ឌា រួចសួរនាំបុរសម្នាក់នោះ តែមិនដឹងសួរអ្វីខ្លះទេ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ និងអ្នកដែលមកចាក់សាំង ភ្ញាក់ផ្អើល ឈប់ចោមរោមមើលពេញកន្លែងកើតហេតុ រហូតមានក្រុមអ្នកសារព័ត៌មានជាច្រើននាក់មកដល់បន្តបន្ទាប់គ្នា ស្របពេលនោះក៏មានប្រជាពលរដ្ឋខ្លះរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹងផងដែរ។

ភ្នាក់ងារយើងក៏បានសាកសួរបុរសជនសង្ស័យដែលត្រូវបានបងប្អូនចាប់ចងខ្សែពួរជាប់លើកង់បីនោះថា តើបងមានឈ្មោះអ្វី ហើយរស់នៅឯណា ? តើមានបញ្ហាអ្វីដែរ បានជាគេចាប់ឃាត់ខ្លួនបង ដូច្នេះ? គាត់ក៏បានឆ្លើយប្រាប់ត្រួសៗថា មិនមានរឿងអ្វីនោះទេ អ្នកដែលចាប់គាត់ឡើងកង់បីឥណ្ឌា និងអ្នកដែលជិះមកតាមគាត់នោះ គឺជាបងប្រុស និងបងប្អូនប្រុសស្រីរបស់គាត់ទេ។ គាត់មិនព្រមប្រាប់ឈ្មោះទេ គ្រាន់តែប្រាប់ថា អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួល និងជាអ្នករត់កង់បីឥណ្ឌាប៉ុណ្ណោះ។

បុរសសង្ស័យបន្តថា មូលហេតុដែលគាត់យកម៉ូតូអ្នកផ្ទះទៅដាក់បញ្ចាំនោះ គឺមកពីគាត់បាត់រ៉ឺម៉កកង់បីឥណ្ឌារបស់គាត់ ដែលទុករត់ឌុបភ្ញៀវរាល់ថ្ងៃនោះ (តែមិនចាំថាបាត់ថ្ងៃណានោះទេ គឺបាត់ថ្មីៗនេះដែរ ) បុរសសង្ស័យបានបញ្ជាក់ថា ក្រោយពីបាត់កង់បីឥណ្ឌា គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ខណ្ឌដូនពេញ ឲ្យសមត្ថកិ្ចជួយធ្វើការស្រាវជ្រាវរកដែរ ហើយគាត់ក៏បានត្រលប់ទៅផ្ទះបងប្អួនគាត់ខាងលើ រួចប្រាប់ពីរឿងនេះដែរ។ តែក្រោយមក គាត់មិនអស់ ក៏បានខ្ចីម៉ូតូឌ្រីមសង់ ( Honda Dream)  ពណ៌ខ្មៅ មួយគ្រឿង  (មិនចាំស្លាកលេខ) ជារបស់អ្នកផ្ទះ យកទៅដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង បានលុយចំនួន៦០០ដុល្លារ  រួចយកទៅលេងល្បែង  នៅកាស៊ីណូ NAGA ដោយសង្ឃឹមថា អាចនឹងឈ្នះបានលុយមកវិញខ្លះ ដើម្បីរកទិញកង់បីវិញ តែបែរជាចាញ់ខ្ទេច ហើយក៏ត្រលប់មកផ្ទះវិញ អ្នកផ្ទះសួរនាំរួចនាំទៅលួសយកម៉ូតូដែលយកទៅបញ្ចាំនោះមកវិញ។

ក្រោយមកប៉ុន្មានថ្ងៃ បុរសសង្ស័យបន្តថា មកពីគាត់យល់ឃើញខ្លួនឯងជាបងប្អូនប្រហែលជាអ្នកផ្ទះមិនថាអ្វីទេ យ៉ាងហោចណាស់ គ្រាន់តែស្ដីបន្ទោសហើយគឺចប់រឿង ទើបលើកនេះយកម៉ូតូដដែលចេញទៅទៀត តែមុនយកទៅដាក់បញ្ចាំម្ដងទៀតនោះ គឺគាត់ជិះចុះឡើងៗតាមរកមើលកង់បីរបស់គាត់ឡើងអស់ចិត្តដែរ ទើបបែកគំនិតគិតថា ស្រង់ដើមបានខ្លះ ក៏យកម៉ូតូទៅដាក់បញ្ចាំបានលុយ៤០០$ រួចយកទៅលេងល្បែង ក្នុងកាស៊ីណូ NAGA ដដែល តែទីបំផុតក៏ចាញ់អស់លុយរលីងពីខ្លួន ហើយគេចពីផ្ទះបានតែ៣ថ្ងៃ លុះនៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែអ្នកផ្ទះតាមរកឃើញ និងនាំគ្នាចាប់បាននៅហ្គារ៉ាសសាំងកាល់តិច ស្តុបអគារ៤២ជាន់ខាងលើតែម្ដង។

បើតាមសម្ដីបងប្អូនប្រុសស្រីរបស់បុរសសង្ស័យ បានបង្ហើបប្រាប់ថា ដោយសារតែខ្លីម៉ូតូអ្នកផ្ទះយកទៅដាក់បញ្ចាំលើកមុនម្ដងរួចហើយ ពួកគាត់ខំទៅលួសយកមកវិញ អស់ជាង៦០០ដុល្លារ ហើយគ្រាន់តែស្ដីបន្ទោស និងប្រដៅអប់រំមួយម៉ាត់ពីរម៉ាត់ប៉ុណ្ណោះ ព្រោះគិតថាជាសាច់ញាតិបងប្អូនឯង ទើបមិនចង់វែងឆ្ងាយ។ ព្រោះតែមិនចង់វែងឆ្ងាយនេះហើយទើបធ្វើឲ្យប្អូនរបស់គាត់មិនកែប្រែ ហើយមិនរាងចាល បែរជាទៅប្រព្រឹត្តិវាឡើងវិញ ដោយកុហកបោកប្រាស់អ្នកផ្ទះថា ខ្លីម៉ូតូជិះទៅក្រៅបាត់ការពិតយកទៅបញ្ចាំលេងល្បែងអស់ ទើបគាត់ និងបងប្អូននាំគ្នាដើររកដែរតែបាត់ដំណឹង៣ថ្ងៃហើយ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកផងដែរ។ លុះពេលឃើញក៏នាំគ្នាចាប់ឃាត់ខ្លួនតែម្ដង ហើយយកខ្សែពួរចង ដៃចងជើង ដឹកយកទៅប៉ុស្តិ៍នគរបាលទួលសង្កែទី២ ប្រគល់ឲ្យសមត្ថកិច្ចសាកសួរនាំ និងធ្វើការចាត់ការតាមច្បាប់តែម្ដង។

សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចតុមុខ ក៏បានប្រាប់ថា ដោយសារតែភាគីទាំងសងខាងអះអាងទាំងអស់គ្នាថាជាបងប្អូននឹងគ្នា ហើយមិនបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែរ ដោយសុំចាប់ជនសង្ស័យយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ២ ដោយខ្លួនឯង ទើបលោករាយការណ៍ប្រាប់ថ្នាក់លើរួច អនុញាតិឲ្យគាត់យកជនសង្ស័យនោះចេញទៅ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបងប្រុសយកខ្សែពួមកចងជាប់លើកង់បីឥណ្ឌា រួចដឹកយកទៅប៉ុស្តិ៍ទួលសង្កែទី២ ដើម្បីឲ្យសមត្ថកិច្ចកសាងសុំណំរឿងចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post