
ពាក់ព័ន្ធការចាប់ខ្លួន និងចោទប្រកាន់បុរសឈ្មោះ ឡោ ប៊ុនភ័ក្រ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ថ្លែងថា កន្លងមក ជនសង្ស័យធ្លាប់ជាប់គុកព្រៃសម្ដងរួចមកហើយរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបានប្តឹងដោយឪពុកម្ដាយបង្កើតតែម្ដង។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយមានឈ្មោះ ទូច លីនដា ត្រូវបានបុរសឈ្មោះ ឡោ ប៊ុនភ័ក្រ បានទះកំផ្លៀងនាងឲ្យដួលអុកគូទនៅនឹងថ្នល់។
បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាង និងប្អូនស្រី បានដើរចេញពីផ្ទះទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាងក៏ស្ទុះចាប់ដៃនាងអូសគេចចេញ។
ពេលនោះ នាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាង ដោយពាក្យសម្តីមិនសមរម្យជាច្រើន។ ឮដូច្នោះ នាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។
បន្ទាប់មក នាងក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ។
ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ឲ្យក្រុមហ៊ុនមួយកន្លែង នៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបានប្រហែល១ខែប៉ុណ្ណោះ។
នៅចំពោះមុខសមត្ថកិច្ច និងតុលាការ ឡោ ប៊ុនភ័ក្រ បានសារភាពទទួលកំហុសថា ពិតជាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន៕

