
ភ្នំពេញៈ ករណីហិង្សាដ៏សាហាវមួយកើតឡើង ដោយប្រើដែកបំពង់ទីប វាយ និងដាវសាម៉ូរៃ កាប់ ហើយបើករថយន្តដេញបុក បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចមុខឌីយ៉ាម៉ង ស៊ីធី (ស្ពានដែកចំការដូង)។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង២៖៤០នាទីទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ អ៊ុ តុល ហៅលិញ ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់) មុខរបរ សន្ដិសុខឯកជន ទីលំនៅស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ទី២ឈ្មោះ អឿន ប៊ុនថាន់ ហៅចំបើង ភេទប្រុស អាយុ ២៣ឆ្នាំ (របួសធ្ងន់) មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះរថយន្ដម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AT-2875 និងរថយន្ដហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ គេចខ្លួនបាត់ ទាំងពីរគ្រឿង។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២:៤០នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល ១០នាក់ ជិះរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2875 និងរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ បានមានទំនាស់ពាក្យសំដីជាមួយសពជនរងគ្រោះឈ្មោះ អ៊ុ តុល ហើយក៏ប្រតាយប្រតប់គ្នាដោយក្រុមជនសង្ស័យប្រើដំបងទីប និងដាវ។
បន្ទាប់មកសពជនរងគ្រោះឈ្មោះ អ៊ុ តុល បានទៅហៅ ជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ត្រូវជាប្អូនជីដូនមួយរបស់សព មកជួយវាយគ្នា ហើយក្រុមជនង្ស័យក៏បានវាយនិងកាប់មកលើជនរងគ្រោះទាំងពីរនាក់បងប្អូន រួចក៏បើករថយន្ដបុករហូតដល់ស្លាប់ឈ្មោះ អ៊ុ តុល រួចក៏បើករថយន្ដទៅទិសខាងជើង តាមផ្លូវ២១៧ គេចខ្លួនបាត់តែម្ដង។
ក្រោយមកសមត្ថកិច្ចក៏បានចុះមកជួយអន្ដរាគមន៍ ដោយយកឈ្មោះ អឿន ប៊ុនថាន់ ទៅសង្រ្គោះនៅគ្លីនីកសួរគ៌ារងរបួសបាក់ឆ្អឹងកដៃស្ដាំ ដាច់រយះដៃខាងឆ្វេង ២កន្លែង ក្បាលជាច្រើនកន្លែង ដេរសរុបចំនួន៤៥ថ្នេរ និងជនរងគ្រោះឈ្មោះ អ៊ុ តុល បានរងរបួសពេញរូបរាងកាយ និងក្បាលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ និង ជនរងគ្រោះរងរបួសសំរាកព្យាបាលនៅមន្ទីរពេទ្យសួគ៌ា ចំពោះករណីខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕












