
ភ្នំពេញៈ យុវជនវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួន ករណីរំលោភលើក្មេងស្រីអាយុ៨ឆ្នាំ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ឌាំង យ៉ាំងញឹក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានប្រាប់ថា ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣៖៣០នាទីទៀបភ្លឺ ក្មេងស្រីរងគ្រោះបានដើរតែម្នាក់ឯង ក្បែររបងវិហារ ម្តុំមាត់ទន្លេ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះជនសង្ស័យបានឃើញក្មេងស្រីរងគ្រោះ ក៏យកកន្ត្រៃទៅកាត់សម្លៀកបំពាក់របស់ក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភ និងគំរាមមិនឲ្យប្រាប់អ្នកណា បើហ៊ាននឹងសម្លាប់ចោល។ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ទើបបែកធ្លាយ ដោយឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង រហូតដល់ម៉ោង១១:៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕



