header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមសម្រចផ្ដន្ទាទោសមេក្លោងលក់ដូរស្រីក្រមុំខ្មែរ ឆ្លងដែន៣នាក់ ដោយផ្ដន្ទាទោស២នាក់ ដាក់ពន្ធនាគារម្នាក់ៗ ៧ឆ្នាំ និងបង្គាប់ឲ្យរួមគ្នាសងជនសងរងគ្រោះចំនួន៣នាក់ ជាប្រាក់៦០លានរៀល និងចេញដីកាបង្គាប់ចាប់ខ្លួនម្នាក់ មកអនុវត្តទោស៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ។

លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានលើកយកសំណុំរឿងលក់ដូរមនុស្សឆ្លងដែនមួយក្រុមមកធ្វើការជំនុំជំរះ ក្រោយពីមានជនរងគ្រោះរត់ចេញពីផ្ទះដែលគេបង្ខាំងទុកទៅរកប៉ូលីសនៅប្រទេសចិនអោយជួយរំដោះនាំមកកម្ពុជាវិញបានប្ដឹង ។

ជនជាប់ចោទនៅក្នុងក្នុងរឿងក្ដីនេះមាន៤នាក់ទី១៖ ឈ្មោះ ស៊ូ សុភាព ហៅស្រីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាមេខ្លោង ។
ទី២៖ ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកសម្របសម្រួល និងជាប្ដីរបស់ស៊ូ សុភាព ។
ទី៣៖ ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកនាំស្រ្ដីខ្មែរទៅចិន ។
ទី៤៖ ឈ្មោះ ផល ផា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកដឹកជញ្ជូន។
អ្នកទាំង៤នាក់នេះ ស្នាក់នៅផ្ទះជួលលេខ ៩៤B ផ្លូវ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ ស៊ូ សុភាព បានសារភាពថាខ្លួនពិតជាបានបញ្ជូនស្ត្រីក្រមុំខ្មែរមួយចំនួនទៅរៀបការប្ដីចិននៅប្រទេសចិនតាមការស្ម័គ្រចិត្តរបស់ពួកគេ ។

ជនជាប់ចោទបានបញ្ជាក់ថា លក្ខណជ្រើសរើសគឺស្ត្រីក្រមុំខ្មែរត្រូវតែមានអាយុពី២០ទៅ២៥ឆ្នាំ មានរូបសម្ផស្សស្អាត មានកាយសម្បទាមាំមួន ដោយការចំណាយធ្វើលិខិតឆ្លងដែន ការស្នាក់នៅ និងការធ្វើដំណើរជាបន្ទុករបស់ខ្លួនក្នុងការរៀបចំអោយទាំងអស់រហូតដល់បញ្ជូនពួកគេទៅដល់ស្រុកយួននិងប្រទេសចិន ។

ចំណែកឈ្មោះ សុខ សុទ្ធារ័ក្សបានសារភាពថា ខ្លួនគេជាអ្នកនាំជនរងគ្រោះជិៈតាក់សុីរបស់ឈ្មោះ ផល ផា ពីភ្នំពេញទៅព្រំដែនវៀតណាម ដែលនៅទីនោះ មានអ្នកមកចាំទទួលមនុស្សដើម្បីធ្វើដំណើរតាមយន្តហោះទៅប្រទេសចិន ។

ជនជាប់ចោទរូបនេះបានសារភាពទៀតថាក្នុងមួយជើងៗខ្លួនបសនទទួលលុយពីឈ្មោះស៊ូ សុភាព ពី២០០ដុល្លារទៅ៣០០ដុល្លារ ។

ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ៣នាក់ដែលត្រូវបានសមត្ថកិច្ចសង្គ្រោះនាំមកពីប្រទេសចិនវិញបានរាយការប្រាប់តុលាការថា ដំបូងឡើយមុនពេលនាងលង់ខ្លួនទៅដល់ប្រទេសចិន មានមេខ្យល់ឈ្មោះម៉ៅបាននិយាយពីរឿងកូនស្រីអ្នកភូមិទៅធ្វើការនៅប្រទេសចិនបានលុយផ្ញើរមកផ្ទះ២ ០០០ដុល្លារក្នុហមួយខែ និងបានមកលេងផ្ទះមួយខែម្ដងទៀតផង ។ ពេលលឺដូច្នេះនាងក៏ព្រមព្រៀងជាមួយគេ ហើយឈ្មោះម៉ៅក៏បាននាំនាងមកជួបឈ្មោះស៊ូ សុភាព នៅភ្នំពេញ នាំទៅធ្វើលិខិតឆ្លងដែន ក្រោយមកប៉ុន្មានថ្ងៃក៏ត្រូវឈ្មោះ សុខ សុទ្ធារ័ក្ស នាំទៅកាន់ព្រំដែនយួន និងឆ្លងទៅប្រទេសចិន ។

ជនរងគ្រោះរៀបរាប់ទៀតថា នៅប្រទេសចិនគេបានទុកអោយនាងនៅកកនុងផ្ទះមួយយ៉ាងយូរ ទើបគេនាំនាងទៅអោយពួកប្រុសៗចិនមើល ពេលនោះទើបនាងដឹងថា គេយកនាងមកលក់អោយពួកបុរសចិនដោយសារគេប្រាប់នាងថាគេបានផ្ញើរលុយមកអោយម្ដាយនាងចំនួន២ ០០០ដុល្លាររួចហើយ ។ ពេលរស់នៅជាមួយបុរសចិនដែលទិញនាង គឺគេធ្វើបាបនាងរហូតរលូតកូនទើបនាងរត់ទៅរកប៉ុស្តប៉ូលីសអោយជួយបានត្រឡប់មកស្រុកខ្មែរវិញ ហើយក៏ដាក់ពាក្យប្ដឹងតែម្ដង ។

សូមរំលឹកថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមេខ្យល់១ក្រុមនេះ ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ចំនួន៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិន ធ្វើជាប្រពន្ធ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពងស្ពឺ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

តាមការស្រាវជ្រាវជនសង្ស័យខាងលើ បានធ្វើសកម្មភាព ឃោសនាជ្រើសរើស នាំនារីខ្មែរបានចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជានាំឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗ ចាប់ពី៥,០០០ ដល់១០,០០០ដុល្លារ។

សមត្ថកិច្ចបានធ្វើការដកហូតចេញសម្រាប់ដឹកជញ្ជូនស្ដ្រីខ្មែរ២គ្រឿង (១គ្រឿងម៉ាក Lexus RX330 ពណ៌ស្ក ស្លាក់លេខ ភ្នំពេញ ២AS-៨០២៨ និង១គ្រឿងទៀតម៉ាក Lexus RX330 ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ ២N-៦១៨០) និងលុយ៩,៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃចំនួន៨គ្រឿង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post