
ប្រតិបត្តិការបង្ក្រាបទីតាំងក្លឹបកម្សាន្តរាត្រី “ម៉ៃអាមី MAIAMI” ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ៣៦០ (ទល់មុខស្ថានីយទូរទស្សន៍អប្សរា) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួររំឭកដែរថា ទីតាំងក្លឹបខាងលើនេះ ត្រូវបានកម្លាំងអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរ ខណ្ឌចំការមន បានចុះមកធ្វើការហាមឃាត់ចំនួន៣ដងមកហើយ ថែមទាំងបិទលែងឲ្យដំណើរការទៀតផង តែមិនបានប៉ុន្មាន ស្រាប់តែឃើញបើកដំណើរការវិញ ដោយមិនទាន់ដឹងពីមូលហេតុ។
រហូតមកដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ទើបកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងថ្នាំញៀនជាច្រើនផងដែរ។
បើតាមការបង្ហើបពីសមត្ថកិច្ច បានឲ្យដឹងជាជំហានដំបូងថា ក្នុងការបង្ក្រាបទីតាំងខាងលើនេះឃាត់មនុស្សប្រុសស្រីជាង៣០នាក់ (ចំណែកឯវត្ថុតាងផ្សេងៗ មិនទាន់ទទួលបានតួលេខ ច្បាស់លាស់នៅឡើយ)។
ពាក់ព័ន្ធ និងករណីខាងលើនេះ កម្លាំងសមត្ថកិច្ចមិនអនុញ្ញាតអោយក្រុមអ្នកសារព័ត៌មាន ចូលទៅជិតនោះទេ។
បច្ចុប្បន្នជនប្រុសស្រីខាងលើ ត្រូវបានឃាត់ខ្លួននាំឡើងលើរថយន្តកាំម៉ាសដឹកបញ្ជូនទៅស្នងការនគរបាលរាជធានីធានីភ្នំពេញ ដើម្បីសាកសួរ និងត្រួតពិនិត្យបន្តតាមនិតីវិធី៕ Qq









