ភ្នំពេញៈ ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្ត រ៉ក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ដ៏សម្បើមបានមក ដេកនៅពេទ្យរុស្ស៊ីដោយសារមានបញ្ហាជំងឺសួតតាំងពីពាក់កណ្តាលយប់ ថ្ងៃ ទី១ ខែ មេសា ឆ្នាំ២០១៩រហូតមកដល់រសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០១៩នេះមិនទាន់ចេញពីពេទ្យទៅចូលពន្ធនាគារប៉េហ្ស៊ីវិញនៅឡើយទេ ។
បុគ្គលិក មន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថាអាការៈជំងឺរបស់អ្នក ឧកញ៉ា គិត ធាង បានធូរស្រាលហើយព្រោះបច្ចុប្បន្ននេះគ្រូពេទ្យមិនបានចាក់ថ្នាំឬឲ្យថ្នាំលេបទៀតទេ ពោលគឺគ្រាន់តែមកវាស់សម្ពាធឈាមនៅពេលព្រឹកប៉ុណ្ណោះ ។បន្ទាប់មកអ្នកឧកញ៉ា គិត ធាង បានបិទទ្វារបន្ទប់រហូតដោយមិនឲ្យអ្នកណាចេញចូលឡើយសូម្បីតែអនុរក្សពន្ធនាគារប៉េហ្ស៊ីដែលមកយាមទីនេះក៍មិនឲ្យចូលដែរលើកលែងតែក្រុមគ្រួសារឬប្រពន្ធរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រភពដដែលបានអះអាងទៀតថាក្នុងបន្ទប់ដែលអ្នកឧកញ៉ា គិត ធាង ដេកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីនោះគឺមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍និងបានប្រើទូរស័ព្ទគ្រប់ម៉ាកនិងគ្រប់ប្រព័ន្ធថែមទៀតផងទើបធ្វើឲ្យអ្នក ឧកញ៉ា គិត ធាង ក្រាញមិនចង់ចូលទៅពន្ធនាគារវិញ។
គួររំលឹកថាអ្នក ឧកញ៉ា គិត ធាង អាចចូល ដេក សម្រាក នៅពេទ្យរុស្ស៊ីបានបន្ទាប់ ពីលោកស្រីមេធាវី ទី គឹមស្រ៊ាន ដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជអាជ្ញាអម សាលាដំបូង រាជធានី ភ្នំពេញបន្ទាប់ពីលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកឧកញ៉ាគិត ធាង ដាក់ពន្ធនាគារប៉េហ្ស៊ីជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ពីបទសម្រួលឲ្យមាន ការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ។
រហូតមកដល់ពេលនេះមានមនុស្សចំនួន២២នាក់ហើយ រាប់ទាំងឧកញ៉ាគិត ធាង ត្រូវបានជាប់ពន្ធនាគារដោយសារគ្រឿងញៀនយ៉ាងសន្ធឹកនៅក្នុងក្លឹបរ៉ុក ៕