header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បើកម៉ូតូ Smash V ក្នុងល្បឿនលឿនពេក ជ្រុលទៅបុកពីក្រោយម៉ូតូ TODAY បើកបរដោយស្ត្រីបរទេសជាគ្រូបង្រៀនម្នាក់  កំពុងឆ្លងផ្លូវចូលសាលាអន្តរជាតិ ISPP ពេញទំហឹង បណ្ដាលឲ្យដួលរបួសខ្លួនឯង សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ ត្រូវបានក្រុមគ្រូពេទ្យសាលាអន្តរជាតិ ISPP ជួយសង្គ្រោះបឋម នៅផ្លូវ៣០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  នាវេលាម៉ោង៧៖១៥នាទីព្រឹក ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីបរទេសម្នាក់ ដែលជាគ្រូបង្រៀនជិះម៉ូតូ១គ្រឿង ម៉ាក TODAY ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FH-0080 តែម្នាក់ឯង តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ដោយមានខាងសន្តិសុខកំពុងជួយសម្រួលចរាចរណ៍ ទើបស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1088 ទិសដៅពីលិចទៅកើត ស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីបរទេសខាងលើ ពេញមួយទំហឹង បណ្តាលឲ្យដួលបោកទាំងមនុស្សនិងម៉ូតូទៅលើថ្នល់ រងរបួសសន្លប់ស្តូកស្តឹងកណ្ដាលផ្លូវ ចំណែកស្ត្រីគ្រូបង្រៀនបរទេស ក៏រងរបួសផងដែរ ហើយត្រូវក្រុមសន្តិសុខជួយ នាំចូលកន្លែងសង្គ្រោះរបស់សាលាអន្តរជាតិ ISPP  ដើម្បីជួយសង្គ្រោះផងដែរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះសម្រួលចរាចរណ៍ និងក្រុមគ្រូពេទ្យសាលាអន្តរជាតិ ISPP ចេញមកជួយសង្គ្រោះបុរសដែលសន្លប់ស្ដូកស្ដឹងនោះ លក្ខណៈបឋមសិនផងដែរ ដើម្បីរងចាំរថយន្តសង្គ្រោះបន្ទាន់មកយក។ បន្តិចក្រោយមកជនរងគ្រោះ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន សួគ៌ា មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post