header ads

Sponsor

ប៉េកាំង-ភ្នំពេញៈ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីមានបញ្ហាអ្វីក៏ដោយមិនអាចបំបែកបំបាក់ចំណងមិត្តភាពរវាងកម្ពុជា-ចិនបានឡើយ។

ការប្តេជ្ញារបស់នាយករដ្ឋមន្ត្រីចិន លោក លី ឌឹកឈាង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ មេសា ឆ្នាំ២០១៩។

ក្នុងជំនួបលោកនាយករដ្ឋមន្ត្រីចិន បានអរគុណចំពោះសម្តេចតេជោ ដែលបានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំងប្រទេសចិន។

លោកបន្តថា ប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់ប្រទេសចិន។ ប្រទេសចិនជាមិត្តរបស់កម្ពុជាហើយចិនជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បច្ចុប្បន្ននេះ កម្ពុជា ចិន កំពុងធ្វើយ៉ាងណាឲ្យគំនិតផ្ដួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា មានការស៊ីសង្វាក់គ្នា និងមានការតភ្ជាប់គ្នា ពិសេសការតភ្ជាប់គ្នាទាំងផ្នែកទុន និងផ្នែករឹង។

សម្តេចតេជោ ក៏បានលើកឡើងពីយន្តការនៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍អរគុណជូនចំពោះរដ្ឋាភិបាលចិន ដែលផ្តើមការពិភាក្សាជាមួយកម្ពុជាដែលទាក់ទិនទៅនិងសហភាពអឺរ៉ុប ដែលត្រៀមដក EBA ពីកម្ពុជា។

តាមរយៈអ្វីដែលភាគីចិនមានគម្រោងជួយដល់កម្ពុជានោះ សម្តេច បានស្នើនៅចំពោះមុខ  លោកនាយករដ្ឋមន្រ្តីចិន ធ្វើយ៉ាងណាជួយជំរុញឲ្យក្រុមហ៊ុនចិន បន្តការបណ្តាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត។

សម្តេចតេជោ បន្តថា កម្ពុជានឹងបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងខ្លួនឯង ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានល្បឿនខ្ពស់ជាងមុន។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេច ក៏បានស្នើដល់ភាកីចិន ជួយដល់ខេត្តព្រះសីហនុលើការគ្រប់គ្រង ពិសេសជួយដល់បញ្ហាទឹកកខ្វក់ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ គម្រោងអភិវឌ្ឍន៍ទឹកស្អាត និងការអភិវឌ្ឍជនបទ ដើម្បីឲ្យខេត្តព្រះសីហនុក្លាយជាខេត្តគំរូ នៃការនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ។

ជាការឆ្លើយតបទៅ នឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកនាយករដ្ឋមន្រ្តីចិន បានលើកឡើងថា អ្វីដែលលោកចង់ឃើញ គឺការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបោះជំហានទៅមុខ និងការបម្រើផលប្រយោជន៍រួម សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ពិសេសចិននឹងបន្តគាំទ្រដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបញ្ជាក់ថា "ចិនមានឆន្ទៈច្បាស់លាស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចិន ដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ រដ្ឋាភិបាលចិន នឹងជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះ បង្កើនខ្សែសង្វាក់ផលិតបន្ថែមទៀតនៅកម្ពុជា"

លោកក៏បានសង្កត់ធ្ងន់ថា "បើទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំរវាងចិននិងកម្ពុជាបានឡើយ ហើយចិនបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់"

ទាក់ទិនទៅនឹងសំណើរបស់ សម្តេចតេជោ ដែលបានស្នើឲ្យភាគីចិន បន្តបើកចំហទីផ្សារក្នុងប្រទេសចិន ដើម្បីទទួលយកនូវផលិតផលពីប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តីចិន បានបន្ថែមថា ភាគីចិននឹងពិនិត្យលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការទទួលនូវផលិតផលពីប្រទេសកម្ពុជា លើអ្វីដែលប្រទេសចិនមានតម្រូវការចាំបាច់នោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post