header ads

Sponsor

ភ្នំពេញៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹងជួបពិភាក្សា ការងារទាក់ទងនិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ជំនួបរវាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្ស។

សូមជម្រាបថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល។ ទស្ស នៈកិច្ចរបស់អ្នករាយការណ៍ពិសេសនោះ គឺជាលើកទី៧ហើយ នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ការទស្សនៈកិច្ចរបស់លោកស្រីស្មីត ផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានា ចាប់តាំងពីបេសក កម្មរបស់លោកស្រី កាលពីខែវិច្ឆិកាកន្លងមក។

អ្នកស្រីស្មីតបានបញ្ជាក់ថា "ខ្ញុំមានបំណងបន្តការពិនិត្យផងដែរទៅលើវិស័យសិទិ្ធមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព"។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ អ្នកស្រី ស្មីត នឹងបំពេញទស្សនកិច្ចផងដែរ ទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌ មានដោយផ្ទាល់។

អ្នករាយការណ៍ពិសេស (អ.ស.ប) បំពេញបេសកកម្មផ្លូវការជាប្រចាំមកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំ ទៅក្រុមប្រឹក្សា សិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ អ្នកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩។

អ្នកស្រី ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី ដោយមានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋម នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅថ្ងៃទី៩ ខែឧសភា នៅវេលាម៉ោង៣៖00រសៀល ម៉ោងក្នុងស្រុក នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ អនុញ្ញាតឲ្យតែអ្នកសារព័ត៌មានប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post