header ads

Sponsor

ភ្នំពេញៈ រដ្ឋលេខាធិការ និងមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ថ្លែងប្រាប់ឲ្យដឹងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជា មានតម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួន បានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងពេលខ្លះក្រុមជនខិលខូច បានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ឲ្យបំពានចូលកាន់កាប់ដីធ្លី ដែលមានកម្មសិទ្ធិត្រឹមត្រូវ ដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ក្រុមជនខិលខូចបាន និងកំពុងអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ ពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់ដោយយកដីរដ្ឋ ឬដី ដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួន និងលក់ក្នុងតម្លៃថោកៗឲ្យពលរដ្ឋ។ ពេលខ្លះ ពួកគេបានញុះញង់ពលរដ្ឋឲ្យសាងសង់ខ្ទមតូចៗ និងដាំដំណាំផ្សេងៗលើដីរបស់គេ ដែលមានកម្មសិទ្ធិ ដើម្បីតវ៉ាថា ខ្លួនបានតាំងទីលំនៅជាយូរមកហើយ និងប្រសិនបើចង់ឲ្យរុះរើចេញត្រូវមានសំណង ឬផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ ដែលនាំឲ្យមានការប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់ អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ លោករដ្ឋលេខាធិការ បានរំឭកបងប្អូនប្រជាពលរដ្ឋថា មុននឹងទិញលក់ដី ត្រូវប្រយ័ត្នប្រយែងក្រែងប៉ះចំដីរដ្ឋ ឬដី ដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឲ្យបងប្អូនបាត់បង់ផលប្រយោជន៍។

លោកបានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងចង់ចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យ និងដកហូតមកវិញ នូវដីរដ្ឋដែលទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។

លោកបានលើកឡើងថា កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការច្បាប់ប្រឆាំងនឹងបទល្មើសនេះ នៃការរុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេក្លោងមួយចំនួនដែលនៅពីក្រោយបទល្មើសនេះ ត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមច្បាប់បណ្តើរៗហើយ។

ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន បានប្រកាសឲ្យជនខិលខូច ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសឲ្យឈប់ជាបន្ទាន់ នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់។ ជនដែលនៅតែរំលោភបំពាន នឹងត្រូវប្រឈមមុខច្បាប់ជាកំហិតយោងតាមច្បាប់ ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល។

ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីការហាមឃាត់ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ ដែលមានតម្លៃជាធរមាន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post