header ads

Sponsor

ព្រះសីហនៈ ថ្លែងពីពិធីសម្ពោធសមិទ្ធផលនានា នៅវត្តមួយក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យរួមគ្នាដោះស្រាយការតវ៉ារឿងដីធ្លី ដែលបានប្រើអំពើហិង្សាបង្កឲ្យមានអ្នករងរបួស ហើយសមត្ថកិច្ចឈានទៅឃាត់ខ្លួនពលរដ្ឋ៨នាក់នោះ ត្រូវរួមគ្នាដោះស្រាយតាមនីវិធីកុំប្រើហិង្សា ឬកាប់ចាក់គ្នាទៀត ព្រោះគ្មានអ្វីចំណេញនោះទេ។

នៅចំពោះមុខព្រះសង្ឃ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះ ស្រុកព្រៃនប់ កើតមានការតវ៉ារឿងដីធ្លីនោះ សូមឲ្យប្រជាពលរដ្ឋរួមគ្នាដោះស្រាយតាមនីតិវិធីកុំប្រើហឹង្សា ព្រោះសមត្ថកិច្ចក៏ជាកូនចៅប្រជាពលរដ្ឋ ហើយយើងមិនចង់ឲ្យមានការវាយប្រហារកាប់ចាក់គ្នា ព្រោះគ្មានអី្វចំណេញនោះទេ។ សូមគោរពច្បាប់ទាំងអស់គ្នា ទើបបានសេចក្តីសុខទាំងអស់គ្នា។

ជាមួយគ្នា លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ ខិតខំគិតតែធ្វើការ ខិតខំរៀនសូត្រ ពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ឲ្យមានការជឿនលឿនទៅមុខ ពីព្រោះការធ្វើបាតុកម្មនេះ មិនចំណេញឡើយសម្រាប់ប្រទេសជាតិ។ ដោយឡែក ចំពោះកងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ប្រទេសជាតិ រាជរដ្ឋាភិបាល។ ហើយត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន។ នេះជាគោលការណ៍របស់រាជរដ្ឋាភិបាល ដែលខិតខំកែសម្រួលនូវអ្វីដែលមិនទាន់បានល្អ ដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ៖ “គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនដែលឲ្យកងកម្លាំងធ្វើបាបប្រជាពលរដ្ឋនោះទេ គឺមានតែឲ្យកងកម្លាំងប្រដាប់អាវុធការពារប្រជាពលរដ្ឋ”។

លោកបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខដុមរមណីកម្មសាសនា ដោយមិនប្រកាន់ថា សាសនាអ៊ីស្លាម ឬសាសនាព្រះពុទ្ធ ឬសាសនាដទៃឡើយ គឺពលរដ្ឋមានជំនឿ និងការប្រតិបត្តិផ្សេងៗគ្នា ប៉ុន្តែយើងធ្វើការ និងរស់នៅជាមួយគ្នាដោយសុខសាន្ត។ សាសនានេះហើយបានធ្វើឲ្យមនុស្សគោរពស្រឡាញ់គ្នា មានការអប់រំសីលធម៌ និងគុណធម៌ក្នុងការរស់នៅ។

ក្រៅពីខិតខំអភិវឌ្ឍន៍វិស័យអាណាចក្រ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍវិស័យសាសនាឲ្យមានការរីកចម្រើនជាងមុន ក្នុងនោះយើងឃើញមានព្រះវិហារ សាលាឆាន់ មហាកុដិ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត លេចត្រដែតឡើងជាបន្តបន្ទាប់។ តួយ៉ាង ដូចនៅវត្តពោធិ៍អណ្ដែតនេះជាដើម ដែលត្រូវបានសម្ពោធនូវសមិទ្ធផលក្នុងថ្ងៃនេះ។ ការកសាងសមិទ្ធផលទាំងអស់នេះ គឺបានមកពីការចូលរួម និងវប្បធម៌ចែករំលែកពីសំណាក់ប្រជាពលរដ្ឋ និងសប្បុរសជន។

សូមរំឭកថា ក្រោយប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះរុះរើខ្ទមអនាធិបតេយ្យប្រមាណ៦០០ខ្ទម នៅចំណុភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើឲ្យប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ទើបលើកគ្នាតវ៉ាដោយការយកដុំថ្ម និងមែកឈើមកដាក់បិទផ្លូវជាតិលេខ៤ បង្កការកកស្ទះរាប់ម៉ោង មុនពេលសមត្ថកិច្ចចុះសម្របសម្រួលសុំឲ្យបើកផ្លូវឡើងវិញ។

ប៉ុន្តែការសម្របសម្រួលរបស់អាជ្ញាធរ អាចសម្រេចបានលទ្ធលតែនៅថ្ងៃដំបូងឡើយ ពោល គឺនៅថ្ងៃបន្ទាប់គឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានធ្វើការតវ៉ាដោយបិទផ្លូវជាតិលេខ៤ ជាថ្មី ហើយសមត្ថកិច្ចក៏សម្របសម្រួលម្ដងទៀត ប៉ុន្តែមិនត្រូវគ្នា ទើបកើតជាហិង្សាបង្កឲ្យសមត្ថកិច្ចរងរបួស៦នាក់ ខូចខាតរថយន្ត៣គ្រឿង និងឃាត់ខ្លួនពលរដ្ឋ៨នាក់ផងដែរ៕ ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post