ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអរគុណទៅដល់ម្ចាស់សណ្ឋាគារ និងម្ចាស់ឡានតាក់ស៊ី ដែលមានទឹកចិត្តល្អ មិនដំឡើងថ្លៃដល់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា “នៅសល់៥ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីព្រពៃណីជាតិ នឹងមកដល់ ចំពោះបងប្អូន និងកូនក្មួយកម្មករ កម្មការិនីទាំងអស់ ដែលធ្វើដំណើរពីភ្នំពេញ ឬពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិកំណើតវិញ សូមបានសុខសប្បាយតាមផ្លូវ។ អរគុណដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងម្ចាស់ឡានតាក់ស៊ី ដែលមានទឹកចិត្តល្អមិនដំឡើងថ្លៃដល់ប្រជាពលរដ្ឋ”។
សម្ដេចបន្ដថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ទើបកម្ពុជាមានអ្វីៗគ្រប់យ៉ាង រួមទាំងឱកាសនៃការប្រារព្ឋបុណ្យទានតូចធំនៅក្នុងប្រទេស។
សម្ដេចថា “សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ”៕