
ភ្នំពេញៈ ប្រជាពលរដ្ឋ បាននិយាយប្រាប់ថា មានផ្ទះបើកអ៊ីនធើណេតចាក់បាល និងបង្គប់ល្បែងស៊ីសងហេ្គមបាញ់ត្រីជាច្រើនកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងបើកលេង (២៤ម៉ោងលើ២៤ម៉ោង) យ៉ាងរលូន រីឯលោកចៅសង្កាត់ស្រះចក និងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ មិនមានចំណាត់ការបង្ក្រាបទាល់តែសោះ សង្ស័យទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយប្រចាំថ្ងៃ។
បើតាមប្រជាពលរដ្ឋ រស់នៅជិតទីតាំងបើកអ៊ីនធើណេតចាក់បាល និងបង្គប់ហ្គេមបាញ់ត្រីបាននិយាយថា សព្វថ្ងៃពួកគាត់ពិបាករស់នៅ ដោយសារភាពអនាធិបតេយ្យប្រមូលម្ដុំ ដោយក្មេងស្ទាវទាំងស្រីទាំងប្រុស និងមានសំឡេងរំខានធ្វើឲ្យប៉ះពាល់ដល់ការសម្រាក និងការដេកពួនរបស់ពួកគាត់ ហើយកន្លងមក បទល្មើស ឆក់ ប្លន់ និងលួច កើតចេញពីកន្លែងអស់ទាំងនេះ។ ពួកគាត់បន្តថា ទីតាំងខាងលើនេះ បើកលេងជាយូរមកហើយ មិនដែលឃើញខាងលោកចៅសង្កាត់ស្រះចក អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកបង្ក្រាបម្ដងណាឡើយ។
ពលរដ្ឋខាងលើ លើកឡើងទៀតថា ដឹងហើយ ឮហើយ ឃើញហើយ បែរជាធ្វើព្រងើយកន្តើយ ឬក៏ទីតាំងទាំងនោះ មានអ្នកមានអំណាចកាងពីក្រោយ បានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬក៏កន្លែងទាំងនោះ មានការបង់ប្រចាំខែជូនដល់លោកចៅសង្កាត់ ឬអាជ្ញាធរហើយមើលទៅ បានមិនហ៊ានបង្ក្រាបសោះ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ បានសំណូមពរមកដល់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ទៀង ចន្ទ័សា ដែលទើបតែងតាំង សូមលោកមេត្តាចុះមកត្រួតពិនិត្យ នឹងមានចំណាត់ការបង្ក្រាបផ្ទះបើកអ៊ីនធើណេតបង្គប់ល្បែងចាក់បាល់ និង ហ្គេមបាញ់ត្រីនេះផង។
កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌទាំង១២ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុច៕

