
ឪពុកចុងចិត្តខ្មៅរូបនេះ ឈ្មោះ ព្រុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតីយវត្តប្រជុំវង្ស ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកកុមារីរងគ្រោះឈ្មោះ យ.ស.ន អាយុ១៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅជាមួយឪពុកចុង។
សមត្ថកិច្ចខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីថ្ងៃទី៣១-០៣-២០១៩ ម៉ោង១០យប់ ម្តាយកុមារីរងគ្រោះ បានចេញទៅរើសអេតចាយ បានទុកនៅជាមួយឪពុកចុង ពេលនោះឪពុកចុង នាំកុមារីរងគ្រោះទៅដេកនៅផ្ទះសំណាក់មួយ “ដាលីន” រួចចាប់រំលោភគ្រោះបានសម្រេច៣ដង បន្ទាប់មកក៏នាំកុមារីរងគ្រោះត្រលប់មកកន្លែងស្នាក់នៅវិញ ពេលនោះម្តាយឃើញកុមារីរងគ្រោះមានសភាពស្លេកស្លាំងពេក ក៏សាកសួរនាំ រួចកុមារីរងគ្រោះ ក៏និយាយរឿងហេតុខាងលើប្រាប់ស្រ្តីជាម្តាយ ទើបដឹងរឿង លុះដល់ថ្ងៃទី២-០៤-២០១៩ ម៉ោង២៖៣០នាទី ម្តាយក៏នាំកុមារីរងគ្រោះមកដាក់ ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីអោយសមត្ថកិច្ចចាប់បុរសជាឱពុកចុងចាត់ការតាមផ្លូវច្បាប់។
ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនល្មោភកាម មកដាក់ទោសទណ្ឌ រហូតដល់ម៉ោង៤៖៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានសហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រែកប្រា ធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងសាកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពីក្មេងស្រីរងគ្រោះមែន ខណៈបច្ចុប្បន្នក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចខណ្ឌច្បារអំពៅ បានកសាងសំណុំរឿង បញ្ជូលទៅតុលាការដើម្បីចាត់ការតាមច្បាប់៕


