
ព្រះសីហនុៈ រថយន្តកុងតឺន័រមួយគ្រឿង បានបុកបំបាក់បង្គោលភ្លើងធំមួយដើម បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីពី Auto F3A អនុស្ថានីយក្រុងព្រះសីហនុ និងបណ្តាញតង់ស្យុងមធ្យម(MV) ហើយបានក្រឡាប់កិនលើរថយន្ត២គ្រឿងបន្ថែមទៀតផង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាកលចរាចរណ៍នេះ បង្កដោយរថយន្តកុងតឺន័រ ស្លាកលេខ តាកែវ 4A-0076 បានបុកបំបាក់បង្គោលភ្លើង បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីពី Auto F3A អនុស្ថានីយក្រុងព្រះសីហនុ និងបណ្តាញតង់ស្យុងមធ្យម(MV) ហើយក្រឡាប់កិនលើរថយន្តបីគ្រឿង ទីមួយ រថយន្ដ ម៉ាក Prius ស្លាកលេខភ្នំពេញ2 AN 1039 ពណ៌ស រថយន្តទីពីរ ម៉ាកTOYOTA Alphard 2BA-1737 ពណ៌ស រថយន្តទីបី ម៉ាក Highlader ស្លាកលេខព្រះសីហនុ 2B -3414 ពណ៌ទឹកប្រាក់។
បន្ទាប់ពីកើតហេតុភ្លាម ក្រុមការងារបច្ចេកទេស បានចុះទៅធ្វើការពិនិត្យ ដើម្បីធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
ចំពោះករណីថ្នាក់ចរាចរណ៍ខាងលើនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕












