header ads

Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមេសានេះ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្រោមប្រធានបទ “ភាពជាដៃគូ ប្រកបដោយការទទួលខុសត្រូវ” នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីតំណាងសហគមន៍ សមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រមាណ១.១០០ ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា សមិទ្ធផលដ៏ថ្លៃថ្លា និងភាពរីកចម្រើននៃប្រទេសជាតិដូចពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មានចំណែករបស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ សហគមន៍ក្រីក្រ តំបន់មិនរៀបរយ និងការបំពេញបន្ថែមនូវភាពខ្វះចន្លោះ នៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើន សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុង និងជនបទ។

លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ តែងបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ដ៏ចាំបាច់ជាមួយអាជ្ញាធរ។

លោកឲ្យដឹងទៀតថា គិតត្រឹមដំណាច់ឆ្នាំ២០១៨កន្លងទៅ សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសរ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន៥.៥២៣អង្គភាព និងមាន NGO ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានចំនួន៤១៩អង្គភាព/អង្គការ សមាគមដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ មានចំនួន៧២៩អង្គភាព កំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របច្បាប់ជាធរមាន ដោយគ្មានការហាមឃាត់ ឬការរារាំងណាមួយឡើយ។

តំណាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឆ្លើយតបទៅនឹងសំណួរ និងសំណូមពរជាច្រើនរបស់សមាគម អង្គការសង្គមស៊ីវិល ពាក់ព័ន្ធផ្លូវច្បាប់ ការផ្តល់កិច្ចសហការ ការទម្លាក់ចោលការរើសអើង ការលាបពណ៌ណាមួយ។ លោកថា អាជ្ញាធរតែងចង់បានឲ្យមានសុខសន្តិភាព ស្ថេរភាព និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានតែប៉ុណ្ណោះ ហើយក៏មិនមានការរើសអើងចំពោះអង្គការសមាគមណាមួយនោះឡើយ។

ក្នុងពេលបញ្ចប់កម្មវិធី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកសំណើឲ្យមានសមាគម អង្គការសង្គមស៊ីវិល ចូលរួមរាល់កិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ខណ្ឌ និងថ្នាក់រាជធានីប្រចាំខែ ព្រមទាំងមានមតិយោបល់តាមរបៀបវារៈ ដែលបានគ្រោងទុកលើកលែងតែផ្តល់សេចក្តីសម្រេចនានា ក្នុងគោលបំណងបង្កើនការយោគយល់គ្នារវាងអាជ្ញាធរ និងអង្គការសមាគមក្រៅរដ្ឋាភិបាល ក្នុងការចូលរួមសកម្មភាពសង្គមដើម្បីការអភិវឌ្ឍ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post