header ads

Sponsor

កំពង់ស្ពឺៈ លោក អឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកផែនគ្រឿងញៀន កំពុងល្បីរឿងកៀបសុីលុយជិត៤០លានរៀល និងមាស៤តម្លឹង ពីស្រ្តី២នាក់ អំឡុងពេលចុះបង្ក្រាបគ្រឿងញៀន ហើយមិនមានវត្ថុតាងនោះ​ ពេលនេះ ត្រូវបានថ្នាក់លើដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហើយ កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅនេះ។ ការដកមកបញ្ឈរជើងនេះ គឺអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជំហានដំបូងតែប៉ុណ្ណោះ។ នេះបើតាមការបង្ហើបប្រាប់ពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺមួយរូប។

តាមប្រភពបានប្រាប់ថា ករណីដែលលោក អឹង ឡាយឆាយ ប្រព្រឹត្តល្មើសវិន័យរបស់កងកម្លាំង គឺមិនទាន់ចប់ត្រឹមការដកមកបញ្ឈរជើងនោះទេ លោកអាចនឹងមានទោសបន្ថែមទៀត ព្រោះថា លោក អឹង ឡាយឆាយ បានសារភាពពីទោសកំហុសរបស់ខ្លួន ចំពោះមុខក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃអស់ហើយ។ ប្រភពបន្ថែមថា ថ្វីត្បិតតែត្រូវដកមកបញ្ឈរជើង តែមិនទាន់រួចទោសនោះទេ ហើយទោសនេះ មានតែសម្តេចក្រឡាហោម ស ខេង ម្នាក់ប៉ុណ្ណោះ ដែលជាអ្នកសម្រេចជោគវាសនារបស់បុគ្គល អឹង ឡាយឆាយ នេះថាតើគួរបន្តឲ្យនៅបម្រើការជាមន្ត្រីនគរបាលទៀត ឬក៏ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ។

មហាជនជាច្រើននាក់ បានលើកឡើងថា ទង្វើរបស់លោក អឹង ឡាយឆាយ នេះគឺជាទង្វើដែលមិនអាចអត់ឱនឲ្យបានឡើយ គួណាស់សម្តេចលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលទើបសម ដើម្បីទុកជាគំរូដល់មន្ត្រីផ្សេងៗទៀត កុំឲ្យយកគំរូតាមក្រោយទៀត។

មានការលើកឡើងផងដែរថា លោក អឹង ឡាយឆាយ នេះគឺជាកូនចៅសែស្រឡាយចិន លកអីវ៉ាន់នៅ(ផ្សារកំពង់ស្ពឺ) ហើយមានឱកាសបានចូលបម្រើជាមន្ត្រីនគរបាល កាលពីអំឡុងឆ្នាំ២០១១ និង២០១២ប៉ុណ្ណោះ ហើយមានសំណាងបានឡើងស័ក្តិជាហូរហែ រហូតបានពាក់ស័ក្តិ៣ និងបានឡើងតំណែងជាអធិការរងនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកគ្រឿងញៀន កាលពីអំឡុងជាង១ឆ្នាំកន្លងទៅនេះ ដែលមន្ត្រីចាស់ៗមួយចំនួន គ្មានសំណាងដូចលោក អឹង ឡាយឆាយ នេះទេ ជាពិសេសតាំងពីពាក់ស័ក្ត៣ ហើយមានតំណែងជាអធិការរងមក បើនិយាយពីចរិតឬកពារវិញ គឺក្រអឺតក្រទមសម្បើមណាស់ ដោយអាងរូបគេមានលុយ និងមានអំណាច។

ការដកមកបញ្ឈរជើងនេះ ត្រូវបានមហាជនដឹងថា លោក អឹង ឡាយឆាយ ត្រូវស្ត្រី២នាក់មីងក្មួយ ដាក់ពាក្យបណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយរកយុត្តិធម៌ ក្រោយពីលោក អឹង ឡាយឆាយ ចុះចាប់ដោយចោទប្រកាន់ថា រកសុីលក់គ្រឿងញៀន និងបានកៀបសុីលុយជិត៤០លានរៀល ហើយនិងមាស៤តម្លឹង ព្រមទាំងសម្ភារៈជាច្រើនទៀត។ មកដល់ពេលនេះ អ្វីៗត្រូវបានលាតត្រដាង បន្ទាប់ពីក្រុមអធិការកិច្ចក្រសួងមហាផ្ទៃ បានចុះមកធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបុគ្គល អឹង ឡាយឆាយ នេះក៏បានសារភាពអំពីលុយ និងមាសរបស់ស្ត្រីទាំង២នាក់ ថាយកមកចែកគ្នាអ្នកហត់នឿយ និងមេៗអស់ហើយ។ ក្រោយដឹងការពិត មន្ត្រីអធិការកិច្ចបានទុកពេលឲ្យរយៈពេល៣ថ្ងៃ សម្រាប់រកលុយ និងមាសមកសងដល់ស្ត្រីទាំង២នាក់វិញ។

បើតាមប្រភព ដែលស្និតនឹងក្រុមអធិការកិច្ច បានបង្ហើបផងដែរថា "ក្រោយបិទការស៊ើប គឺលោក អឹង ឡាយឆាយ បានស្កាត់ទៅរកជួបគេ ដើម្បីឲ្យជួយសម្រួលរបាយការណ៍ ដែលត្រៀមដាក់ជូនសម្តេចក្រឡាហោម តែត្រូវក្រុមអធិការកិច្ចបដិសេធ មិនព្រមជួបជាមុនសិន។ ដោយឡែក ការទារលុយត្រឡប់មកវិញនោះ។ តែអ្វីៗហាក់មិនបានសមប្រកបនោះទេ ដោយសារតែលុយទាំងនោះក្លាយជាផេះ(ចាយ)អស់ទៅហើយ។ ចំណែកមាសសុទ្ធក៏ប្រែក្លាយជាក្លែងក្លាយ ដោយលោក អឹង ឡាយឆាយ សុំសងត្រឹម២០០០ដុល្លារ លើមាសទាំង៤តម្លឹង នៅសល់ច្រើនពាន់ដុល្លារទៀត។

ទោះជាយ៉ាងនេះក្តី ដើមបណ្តឹងបានយល់ព្រមទទួលលុយមួយចំនួន កាលពីអាទិត្យមុន។ ចំណែករឿងមាសដ៤តម្លឹង ដែលក្លាយជាមាសក្លែងក្លាយនោះ គេសង២០០០ដុល្លារ ដើមបណ្តឹងមិនព្រមទទួលយកឡើយ ដោយទាមទារក្នុងចំនួន៦០០០ដុល្លារ លើមាសទាំង៤តម្លឹងនោះ។

ពាក់ព័ន្ឋនឹងរឿងមាសនេះដែរ មានតែលោក អឹង ឡាយឆាយម្នាក់ទេ ដែលដឹងថា នៅក្នុងដៃអ្នកណាតែក៏ម្យ៉ាងដែរ ដែលលោកសុខចិត្តជាប់ទោសម្នាក់ឯង ហើយទុកឲ្យគ្នីគ្នារបស់លោក រស់សោយសុខយ៉ាងរំភើយជាមួយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ចំណែកលោកវិញ ដិតដាមដោយស្នាមប្រឡាក់ និងក្លិនអសោចតែម្នាក់ឯងនោះ មិនហ៊ានហាស្តី។

ប្រភពក្រៅផ្លូវការបានខ្សឹបថាក្រុមគ្រួសារលោកអធិការរងបានចំណាយលុយជាមួយថ្នាក់ដឹកនាំមួយរូបអស់ជាច្រើនដើម្បីអោយជួយកាង(មិនដឹងថាឈ្មោះអីនោះទេ)កុំអោយសម្តេចលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ ហើយដើរអួតក្តែងៗថាលោកបានទៅជួបថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មួយរូបរួចរាល់អស់ហើយគ្មានអ្នកណាអាចដកលោកអឹង ឡាយឆាយ ជាអធិការរងបានឡើយ។មិនដឹងថាតើជារឿងពិតឬយ៉ាងណានោះទេព្រោះមិនអាចសុំការបំភ្លឺពីលោកអឹងឡាយឆាយបានដោយលេខទូរស័ព្ទទាក់ទងមិនបាននោះទេ។

ពាក់ព័ន្ឋករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឆ្លើយយ៉ាងខ្លីតាមរយៈបណ្ដាញសង្គម what's App ថា "ដកមកខេត្ត ទុកជូនអធិការកិច្ចស្រាវជ្រាវ"។

សូមបញ្ជាក់ថា លោក អឹង ឡាយឆាយ ត្រូវបានស្ត្រី២នាក់មីងក្មួយ ប្តឹងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយរកយុត្តិធម៌ រឿងលោក អឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួច បានស្លៀកពាក់ស៊ីវិលនាំកម្លាំងទៅកាលពីរសៀលថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ដោយចោទថា ស្ត្រី២នាក់ម្តាយមីង និងក្មួយស្រីខាងលើ ស្នាក់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចថា បានផ្តល់ទីតាំងគ្រឿងញៀន ដោយគ្មានវត្ថុតាងនោះឡើយ។ មិនតែប៉ុណ្ណោះ លោកអធិការរងរូបនោះ បានប្រមូលយកលុយ និងមាសរបស់ស្ត្រីខាងលើ ទៅថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post