header ads

Sponsor

ភ្នំពេញៈ ក្រោយពីជនជាតិចិន និងអ្នកវិនិយោគចិន មករស់នៅកម្ពុជា កាន់តែច្រើនកុះកុរ លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន បានស្នើកម្ពុជា ជួយសម្រួលឲ្យមានការចរាចរប្រើប្រាស់រូបិយបណ្ណ័ចិន (លុយ) នៅទីផ្សារកម្ពុជា ខណៈលោកអះអាងថា ការប្រើប្រាស់រូបិយបណ្ណ័ចិននេះ នឹងទាក់ទាញអ្នកវិនិយោគចិន មកកម្ពុជា កាន់តែច្រើនឡើង។

កាលពីឆ្នាំ២០១៨ ជនជាតិចិន មកស្នាក់នៅកម្ពុជា បានកើនឡើងរហូតដល់ជាង២១ម៉ឺននាក់ ដោយចំនួននេះ បានហក់ឡើងខ្ពស់ជាងកាលពីឆ្នាំ២០១៧ ដែលជនជាតិចិន មានតែជាង១០ម៉ឺននាក់។ ក្នុងនោះ មានជាង៧៨០០០នាក់ កំពុងរស់នៅខេត្តព្រះសីហនុ ហើយមានប័ណ្ណការងារត្រឹមត្រូវជាង២ម៉ឺននាក់ប៉ុណ្ណោះ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ឈិន យន់ បានថ្លែងថា “សូមសម្តេចតេជោ នាយករដ្ឋមន្រ្តី ជួយសម្រួលឲ្យមានចរាចរណ៍ប្រើប្រាស់រូបិយប័ណ្ណចិន នៅក្នុងទីផ្សាររបស់កម្ពុជា ដែលនឹងកាន់តែទាក់ទាញវិនិយោគិនជាច្រើន និងពីប្រទេសដទៃៗទៀត ហើយនឹងជំរុញឲ្យក្រុមហ៊ុនចិន ជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំខ្លាំងក្លា”។

លោកបន្ដថា អ្នកវិនិយោគចិន មកកម្ពុជា សព្វថ្ងៃនេះ នឹងជំរុញការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរ បានឆាប់រហ័ស។ ការរីកចម្រើនរបស់កម្ពុជា ទាំងនៅតាមបណ្តាខេត្ត-ក្រុង មានការរីកចម្រើនយ៉ាងខ្លាំង។

ឆ្លៀតឱកាសនោះដែរ ប្រធានសមាគមចិន លើកឡើងថា សេដ្ឋកិច្ច និងនយោបាយកម្ពុជា-ចិន មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ដូច្នេះកម្ពុជា ដើរតួនាទីសំខាន់ក្នុងការថែរក្សាស្ថិរភាព សន្តិភាពក្នុងតំបន់ និងជាមិត្តជិតស្និទ្ធ របស់បណ្តាប្រទេសអាស៊ាន-ចិនផងដែរ។

ប្រធានសមាគមចិន សង្កត់ធ្ងន់ថា អ្វីដែលចិនអាចបន្តជួយកម្ពុជា នៅពេលខាងមុខ គឺជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជា ដើរតួនាទីសំខាន់ក្នុងតំបន់ឥណ្ឌូចិន និងអាស៊ាន។ ជាមួយគ្នានេះ ប្រធានសមាគមចិន ក៏ស្នើឲ្យកម្ពុជា អភិវឌ្ឍន៍របៀងសេដ្ឋកិច្ចនៅផ្លូវជាតិលេខ៩ ពិសេសរវាងកម្ពុជា និងឡាវ នៅពេលខាងមុខ។ អ្វីដែលចិនចង់ឃើញ គឺការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ជាពិសេសចិន បានបញ្ជាក់ថា របៀងប៉ូលសេដ្ឋកិច្ចរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នឹងអាចធ្វើជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។

ចំណែក សម្តេចតេជោ បានថ្លែងដែរថា គម្រោងអញ្ជើញទៅទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកាផ្លូវ១ខ្សែក្រវ៉ាត់១។ សម្ដេចតេជោ នឹងជួបពិភាក្សាបន្ថែមអំពីគម្រោងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចិន-កម្ពុជា ដែលពាក់ព័ន្ធទៅនឹងផ្លូវ១ខ្សែក្រវ៉ាត់១ ស្របជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា។

ជាងនេះទៅទៀត សម្ដេចតេជោ នឹងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោក លី គឺជៀង នាយករដ្ឋមន្រ្តីចិន៕
ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post