header ads

Sponsor

ភ្នំពេញៈ ដូចជាជ្រុលពេកហើយ នារីវ័យក្មេងម្នាក់ ហួសចិត្តទាំងក្តីព្រួយបារម្មណ៍ បន្ទាប់ពីមកជួលបន្ទប់ដើម្បីស្នាក់នៅ ទើបបានមួយព្រឹក ស្រាប់មានបុរសម្នាក់ ដែលជាសាច់ញាតិរបស់ម្ចាស់ផ្ទះជួល ចូលទៅចាប់ប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយសារអ្នកជិតខាងឃើញទាន់ស្រែកផ្អើលឆោឡោ ទៅប្តឹងប៉ូលិសចុះទៅអន្តរាគមន៍ តែត្រូវបានម្ចាស់ផ្ទះជួល២នាក់ប្តីប្រពន្ធ រួមគ្នារារាំងកម្លាំងសមត្ថកិច្ច មិនអនុញាតឲ្យចូល ជាល្បិចកល ដើម្បីផ្តល់ឱកាសឲ្យជនលល្មើសរត់គេចតាមទ្វារក្រោយទៅបាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១១៤ ជាន់ទី១ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលម្ចាស់ផ្ទះឲ្យរត់គេចទៅបាត់នោះ មានឈ្មោះ រស់ នៅ (ហៅទិត្យ) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មេការសំណង់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិត្រពាំងទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះ ទូច មុំ អាយុ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់។

តាមនារីរងគ្រោះបានរៀបរាប់ទាំងអារម្មណ៍ភ័យខ្លាចថា នាងទើបមកជួលបន្ទប់១១៤ ផ្ទះខាងលើស្នាក់នៅ រើអីវ៉ាន់ដាក់ក្នុងបន្ទប់ កាលពីល្ងាចថ្ងៃទី២៤ លុះព្រឹកថ្ងៃទី២៥ រៀបចំបន្ទប់ មិនទាន់បានដេកសម្រាកផង ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យនាងមិនដែលស្គាល់ដោយសារទើបមក មិនទាន់បានស្នាក់នៅផង ដើរចូលចាប់ច្របាច់ក ផ្តួល ប៉ុនប៉ងចាប់រំលោភ តែនាងស្រែក រើបម្រាស់ អ្នកជិតខាង ឃើញស្រែកផ្អើល ធ្វើឲ្យជនសង្ស័យរត់ចុះមកក្រោមវិញ លុះប្តឹងសមត្ថកិច្ច ភ្លាមចុះទៅដល់ផ្ទះកើតហេតុភ្លែត តែម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ រារាំងមិនឲ្យសមត្ថកិច្ចចូលឡើយ ដើម្បីឲ្យជនសង្ស័យរត់គេចទៅបាត់សិន រួចបានឲ្យសមត្ថកិច្ចចូល ដូចជាជ្រុលពេកហើយ។

តែបើតាមប្រភពមួយនៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា ជនល្មើសត្រូវជាសាច់ញាតិរបស់ម្ចាស់ផ្ទះ ខ្លាចប៉ូលិសចាប់ខ្លួន ទើបម្ចាស់ផ្ទះប្រើល្បិច រារាំង មិនទាន់ឲ្យសមត្ថកិច្ចចូលភ្លាមទេ លុះជនសង្ស័យរត់ចេញតាមទ្វារក្រោយទៅបាត់ហើយ ទើបឲ្យប៉ូលិស ចូលជាក្រោយ។

ដោយទង្វើម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ដូចជាសមគំនិត ជាមួយជនល្មើស ក្រោយកើតហេតុ សមត្ថកិច្ចហៅនាំម្ចាស់ផ្ទះទៅសាកសួរនៅប៉ុស្តិ៍ រីឯនារីរងគ្រោះក៏ដាក់ពាក្យបណ្តឹងផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post