header ads

Sponsor

ព្រះសីហនុៈ កុមារាម្នាក់ មានអាយុទើបតែ៦ឆ្នាំ ត្រូវបានឪពុកចុង យកកូនកាំបិតចុងស្រួចមកចាក់ បណ្តាលឲ្យស្លាប់យ៉ាងអណោធអធ័ម ចំណែកប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកោះឬស្សី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់ថា ជនសង្ស័យជាឪពុកចុងមានឈ្មោះ ម៉ៅ ឈឿន អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកកុមាររងគ្រោះមានឈ្មោះ ឃីន អាយុ៦ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត និងប្រពន្ធឈ្មោះ សែម ខោន អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

បើតាមលោកស្នងការ មូលហេតុដែលបណ្តាលឲ្យកើតមានអំពើឃាតកម្មនេះ មកពីជនសង្ស័យស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្ដី នៅក្នុងក្រុមគ្រួសារ ទើបធ្វើឲ្យជនសង្ស័យប្រព្រឹត្តបទល្មើសតែម្តង។

ក្រោយកើតហេតុ ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញឃាត់បានភ្លាមៗ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post