header ads

Sponsor

កំពតៈ លោក​ ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានចាត់ទុកចំណូលពន្ធដារ គឺជាប្រភពចំណូលយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីបំពេញនូវការចំណាយរបស់រដ្ឋ សម្រាប់លើវិស័យផ្សេងៗជាច្រើន។ ពិសេសសម្រាប់កិច្ចការពារជាតិ សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម កិច្ចការសង្គមកិច្ច ការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ ការបើកប្រាក់បៀវត្សជូនកងកម្លាំងប្រដាប់អាវុធ មន្រ្ដី រាជការ គ្រូបង្រៀន ជាដើម។

ថ្លែងបែបនេះ លោកអភិបាលខេត្ត លើកឡើងក្នុងពិធី​បើកអង្គសិក្ខាសាលាផ្សព្វផ្សាយពី"ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរ កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលអង្គភាពសាខាពន្ធដារខេត្តនៃអគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកំពត បានសហការរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ នៅសាលមហោស្រពខេត្ត។

លោក​ ជាវ តាយ ក៏បានចាត់ទុកអង្គសិក្ខាសាលាផ្សព្វ ផ្សព្វផ្សាយនាព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ដែរ គឺក្នុងគោលបំណង សំដៅជំរុញអោយមានការគាំទ្រ ការគោរពប្រតិបត្តិច្បាប់ បទប្បញ្ញត្តិ ដែលមានចែងជាធរមាន និងពង្រឹងកិច្ចសហការអោយកាន់តែជិតស្និតថែមទៀត រវាងស្ថាប័នពាក់ព័ន្ធនានា ដែលជាអ្នកប្រតិបត្តិនៅថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន រដ្ឋបាលសុរិយោដីគ្រប់ថ្នាក់ ភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅធានាបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ និងការផ្ដល់សេវាបង់ពន្ធ សេវាសាធារណៈពាក់ព័ន្ធដទៃទៀត ប្រកបដោយតម្លាភាព គណនេយ្យ ភាព និងសង្គតិភាពជូនដល់ប្រជាពលរដ្ឋទូទៅអោយបានកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលខេត្ត ក៏បានអំពាវនាវ និងសម្ដែងការរំពឹងទុកថា ក្រោយពីទទួលបានការផ្សព្វផ្សាយនេះ ប្រធានស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ មេត្តាផ្ដល់កិច្ចសហការផ្សព្វផ្សាយ អោយបានស៊ីជម្រៅជូនដល់ប្រជាពលរដ្ឋទូទៅ បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ជូនអង្គភាពសាខាពន្ធដារខេត្ត ដើម្បីបានបំពេញ តួនាទី ភារកិច្ច តាមច្បាប់កំណត់ជាធរមានទទួលបានប្រសិទ្ធភាពល្អប្រសើរ។

ពាក់ព័ន្ធប្រធានបទនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ លោក អ៊ូច គឹមស៊ាន ប្រធានសាខាពន្ធដារខេត្តកំពត ក៏បានបញ្ជាក់អោយដឹងដែរថា រាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនូវឧបសម្ព័ន្ធ ស្ដីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននឹងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ ដើម្បីអោយស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោក អ៊ូច គឹមស៊ាន បន្តថា តាមរយៈការធ្វើបច្ចុប្បន្នភាពនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ៣៤៣ សហវ.ក្រក ចុះថ្ងៃទី២២ខែមីនាឆ្នាំ ២០១៩ ស្ដីពី ការកំណត់ មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរ កម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលទ្រព្យ ដែលនឹងត្រូវអនុវត្តពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ នេះតទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post