header ads

Sponsor

កណ្តាលៈ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook នូវពាក្យបណ្ដឹងរបស់នាយនគរបាល នាយនគរបាលរង និងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលប្តឹងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីរហូតដល់ទៅ១៦ចំណុច។ តែយ៉ាងណា លោក អ៊ាវ ចំរើន ថ្លែងថា នេះអាចជាចេតនា នៃការបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតែប៉ុណ្ណោះ។

តាមរយៈពាក្យបណ្ដឹងចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដែលសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ជានាយនគរបាល នាយនគរបាលរង និងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សុំប្តឹងលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល អំពីការដឹកនាំដោយប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ» (មាន១៦ចំណុច ក្នុងពាក្យបណ្ដឹង)។

នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ពាក់ព័ន្ធបញ្ហានេះ រហូតមកទល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ខាងខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ពុំទាន់ទទួលបានពាក្យបណ្ដឹងនេះនៅឡើយទេ។

ចំណែក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ថា ពាក្យបណ្ដឹងនេះ អាចជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតែប៉ុណ្ណោះ ពោល គឺអាចកេីតឡើងក្រោយពីលោកទទួលបញ្ជាពីថ្នាក់លេី ដេីម្បីចុះបង្ក្រាបល្បែងជល់មាន់ដ៏ធំ នៅស្រុកស្អាង កាលពីពេលថ្មីៗនេះ។ លោកអះអាងថា លោកស្រាវជ្រាវដឹងខ្លះ ហើយថា នរណាបង្កេីតព័ត៌មានទាំងអស់នេះ តែលោកពុំទាន់គិតថា សម្រេចប្តឹងបកវិញនោះទេ ដោយរង់ចាំតាមដានបន្តទៀត។

ពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់នេះ ត្រូវបានមហាជនលើកឡើងថា អាចពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន សម្រេចបញ្ឈរជេីងលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង, លោកវរសេនីយ៍ទោ ស៊ុប លាងសែ អធិការរងនគរបាលស្រុកស្អាង និងលោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដោយក្នុងលិខិតបង្គាប់ការនោះ លោក អ៊ាវ ចំរើន ពុំបានបញ្ជាក់ពីមូលហេតុ ដែលសម្រេចបញ្ឈរជេីងប៉ូលិសទាំង៣នាក់នេះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post