header ads

Sponsor

កំពង់ស្ពឺៈ លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចម្នាក់ នៅតែបន្តចាក់ដីលុបអូរធម្មជាតិ ដោយគ្មានខ្លាចញញើតច្បាប់បន្តិចណាឡើយ បើទោះជាអាជ្ញាធរមូលដ្ឋាន និងជំនាញ បានចុះទៅហាមឃាត់ និងបានធ្វើរបាយការណ៍ទៅអភិបាលខេត្តកំពង់ស្ពឺ យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋរស់នៅជិតកន្លែងចាក់ដីក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច បានប្រាប់ថា លោក ម៉ែន រីណា ដែលគេស្គាល់ថា ជាកូនប្រសារបស់លោកប៉ូលិសស្រុកភ្នំស្រួច និងជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចផងនោះ បានបន្តការចាក់ដីលុបអូររបស់រដ្ឋយ៉ាងគគ្លើន ទំនងជាអាងអំណាចឪក្មេក និងអំណាចខ្លួនជាមេបញ្ជាការរងប៉េអឹមហើយមើលទៅ បានជាមិនគោរពច្បាប់ ហើយបន្តការចាក់ដីបានយ៉ាងរំភើយបែបនេះនោះ។

សេចក្តីរាយការណ៍បន្តថា បន្ទាប់ពីលោកប៉េអឹម ដែលមានអំណាចដ៏មហិមារូបនេះ ចាក់ដីលុបអូររួចមក ស្រាប់តែមានភ្លៀងកក់ខែមួយមេ បណ្តាលឲ្យទឹកចាល់ហូរទៅណាមិនរួចនោះទេ។ ហើយវស្សាឆ្នាំនេះ មិនដឹងថា តើពលរដ្ឋនឹងរងគ្រោះបែបណាឡើយ បើផ្លូវទឹកត្រូវលោកប៉េអឹម ចាក់ដីលុបរំលោភយកបែបនេះទៅហើយនោះ។

ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលស្រុក ជាពិសេសជំនាញពាក់ព័ន្ធ សូមមេត្តាពិនិត្យករណីនេះឲ្យបានដិតដល់ផង បើបណ្តែតបណ្តោយតទៅទៀត អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ក្នុងនាមអាជ្ញាធរស្រុក ក៏គួរតែមានវិធានការទប់ស្កាត់ កុំឲ្យមានសកម្មភាពចាក់ដីបន្ត ហើយខាងធនធានទឹក សូមចុះត្រួតពិនិត្យឲ្យបានដិតដល់លើករណីនេះផង។ កន្លែងណាជាដីរបស់រដ្ឋ កំណត់ព្រំឲ្យច្បាស់ កុំឲ្យចេះតែលួចចាក់រំលោភយកបែបនេះ។

អង្គភាពសារព័ត៌មាន Cam Post មិនអាចសុំការបកស្រាយពីលោក ម៉ែន ភីរីណា បានទេ ជុំវិញបញ្ហានេះ។ ចំណែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ថា លើកមុន លោកបានឲ្យជំនាញចុះទៅជាមួយអាជ្ញាធរឃុំម្តងហើយ ដើម្បីឲ្យផ្អាក។ បញ្ហានេះ លោកបានរាយការណ៍ជូនទៅលោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍រួចហើយ តែទាស់ត្រង់ថា គេលួចចាក់នៅថ្ងៃសៅរ៍ និងអាទិត្យ ដែលមន្ត្រីរាជការឈប់សម្រាក"នោះ។

មានការលើកឡើងថា ពលរដ្ឋសង្ឃឹម និងជឿជាក់ថា ទោះជាយ៉ាងណា ក៏មហិច្ឆតាចង់លេបយកអូររបស់លោក ម៉ែន រីណា នេះមិនបានសម្រេចដែរ ព្រោះថា ខាងជំនាញមិនបណ្តែតបណ្តោយឲ្យគាត់ធ្វើតាមអំពើចិត្តនោះទេ។

ពលរដ្ឋក៏បានសំណូមពរដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមបញ្ជូនលោក ម៉ែន រីណា ឲ្យទៅរៀនសូត្រនៅសាលាកំបូលម្តងហើយ ដើម្បីឲ្យគាត់យល់ជ្រួតជ្រាបអំពីច្បាប់ និងតួនាទីរបស់មន្ត្រីរាជការសាធារណៈ កុំឲ្យយកអំណាច និងតួនាទី ដែលខ្លួនមានមកប្រើដើម្បីជាន់ករាស្ត្របែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post