ភ្នំពេញៈ ក្មេងស្ទាវ២នាក់ ចេញពីផឹកស៊ី រាំលេងក្នុងក្លឹប ស្រវឹងជិះម៉ូតូធំ YAMAHA 6R លឿនដូចហោះ មកដល់ផ្លូវកោង ជ្រុលទៅបុកផ្ទប់របងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖១០នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់សំបកកង់រថយន្ត មួយកន្លែង យីហោ "ហេងហេង III" ទល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី នៅលើផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមួយក្រុម មានគ្នា៣-៤ម៉ូតូជិះប្រដេញគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែយុវជន២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក YAMAHA R6 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CB-0633 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដែលទើបតែចេញពីក្លឹបមួយកន្លែង នៅជិតស្តុប Nokia បានឌុបគ្នា បើកលឿនពេក លុះដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ ក៏ជ្រុលបុករបងសំយ៉ាបផ្ទះលក់សំបកកង់រថយន្តពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ ហើយភាគីខាងម៉ូតូបានសុំទោសម្ចាស់ផ្ទះ ដោយសារតែមិនខូចខាតអ្វីច្រើន ម្ចាស់ផ្ទះមិនប្តឹងផ្តល់នាំតែវែងឆ្ងាយទេ ទើបអនុញ្ញាតអោយយុវជនខាងលើយកម៉ូតូទៅជួសជុលខ្លួនឯង៕