header ads

Sponsor

ភ្នំពេញៈ ថៅកែឃ្លាំងទិញ លក់ បង់រំលស់រថយន្តយីហោ​ “សេង ហ៊ួត” ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួន ដោយទុករយៈពេល៤៨ម៉ោង ដើម្បីធ្វើការ​ដោះស្រាយ ជាមួយអតិថិជន ពាក់ព័ន្ធករណីឆបោកលុយ​ជាង៣លានដុល្លារ ដែលអតិថិជន​ទិញរថយន្ត បង់រំលស់​ពីហាងលក់រថយន្តខាងលើនេះ។

ឃ្លាំងលក់រថយន្ត “សេង ហ៊ួត” មានម្ចាស់ឈ្មោះ សេង សុភ័ក្រ មាន​ទីតាំងនៅតាមបណ្ដោយ ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួលរថយន្តពីកា រ៉ាស់ផ្សេងៗ យកមកបង់រំលស់ជូនអតិ​ថិជន។

សូមបញ្ជាក់ថា មាន​ការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ នៅ​វេលាម៉ោង១១៖១០នាទី​ថ្ងៃត្រង់ ទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅហាងម៉ាស្ទ័រ ស៊ូគីស៊ុប ទល់មុខកងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពី​ពលរដ្ឋដែលជា​អតិថិជនរងគ្រោះ បាន​ប្រទះឃើញលោក សេង សុភ័ក្រ (ថៅកែឃ្លាំង“សេង ហ៊ួត” ) នាំប្រពន្ធចូលហាង ម៉ាស្ទ័រ ស៊ូគីស៊ុប ហ្គោល រួចបាននាំខ្លួនប្រគល់ឲ្យប៉ូលិសក្រសួងមហាផ្ទៃតែម្ដង។

នៅថ្ងៃនោះដែរ ប្រជាពលរដ្ឋរងគ្រោះជាង១០០នាក់  ដែលចាញ់បោកម្ចាស់ឃ្លាំង “សេង ហួត” នេះ បាននាំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីឱ្យថ្នាក់ដឹកនាំនៃក្រសួងដ៏មានអំណាចមួយ នេះជួយដោះស្រាយពួកគាត់។

តាមប្រភពពីពលរដ្ឋ​រងគ្រោះ បានប្រាប់ឲ្យ​ដឹងថា លោក សេង សុភ័ក្រ មានការ៉ាស់ លក់ ទិញ និងបង់រំលស់រថយន្តយីហោ “សេង ហ៊ួត” ទីតាំង ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ បានបង់រំលស់រថយន្តសេរីទំនើបៗគ្រប់ប្រភេទជូនអតិថិជន​ ដែល​សុទ្ធតែរថយន្តជួលពីការ៉ាស់ផ្សេងៗ ផ្អែកទៅលើថា ឡានដាច់ GPS សូមម្ចាស់រថយន្ត ដែល បង់រំលស់យកត GPS ជាថ្មី នៅការ៉ាស់របស់គាត់ ពេលពួកគាត់(ជនរងគ្រោះ) យកមកដល់ការ៉ាស់ ខាងការ៉ាស់បានបើករថយន្តទៅត GPS បាត់ ជាបន្តបន្ទាប់ អស់​ជាច្រើនគ្រឿង រហូតមកដល់សព្វថ្ងៃ។

ប្រភពពីពលរដ្ឋរងគ្រោះម្នាក់ សូមមិនបញ្ចេញឈ្មោះ បានដឹងថា គាត់ក៏ត្រូវលោក សេង សុភ័ក្រ ឆបោកដែរ ដោយគាត់បានយករថយន្តព្រូសរបស់គាត់មកដូរសេរី យកហាយឡែនឌ័រវិញ  ដោយថែមលុយ ហើយចាំពីរទៅបីថ្ងៃ ទើបមកដល់ ប៉ុន្តែបាត់រហូតមកដល់ថ្ងៃនេះ។

ក្រោយពីប្រទះឃើញលោក សេង សុភ័ក្រ និងភរិយា នៅហាងម៉ាស្ទ័រ ស៊ូ គី ស៊ុប ក៏បាន តេ ហៅគ្នា ដែលជាជនរងគ្រោះទាំងអស់ មក​ព័ទ្ធហាង ហើយអញ្ជើញលោក សេង សុភ័ក្រ ទៅ​ក្រសួងមហាផ្ទៃ ដើម្បីធ្វើដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post