header ads

Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បើករថយន្ត Highlander មួយគ្រឿង ក្នុងស្ថានភាពស្រវឹងតិចៗ បានបត់ស្ដាំ ស្របពេលជាមួយរថយន្ត Mazda ស៊េរីទំនើបមួយគ្រឿងទៀត ដែលជារបស់មន្ត្រីនគរបាលជាន់ខ្ពស់ពាក់ផ្កាយពីរ ដែលបត់ស្ដាំស្របគ្នាដែរ បានប៉ះគ្នាធ្វើឲ្យកកិតទឹកថ្នាំរថយន្តទាំងពីរបន្តិចបន្តួចប៉ុណ្ណោះ តែភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមិនត្រូវ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម ផ្លូវ៥០ម៉ែត្រ កែងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-6427 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹងតិចៗ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចមកកើត។ លុះមកដល់ចំណុចកន្លែងកើតហេតុ រថយន្តបានបត់ស្ដាំ ហើយស្របពេលមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Mazda CX9 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2789 បើកបរដោយស្ត្រីម្នាក់ ជាភរិយា រួមដំណើរដោយបុរសជាប្ដី ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលជាន់ខ្ពស់ពាក់ផ្កាយពីរ បានធ្វើដំណើរស្របទិសគ្នា និងបានបត់ស្ដាំដូចគ្នា ស្រាប់តែប៉ះគ្នាបន្តិច បណ្ដាលឲ្យកកិតថ្នាំរថយន្តទាំងពីរគ្រឿង តែបន្តិចបន្តួចប៉ុណ្ណោះ។ ភាគីទាំងសងខាងបានចុះមកធ្វើការដោះស្រាយគ្នា ដោយដំបូងឡើយភាគីខាងរថយន្តទំនើបបំណងគ្រាន់តែឲ្យភាគីរថយន្ត Highlander ទទួលខុសហើយសុំទោសគាត់ប៉ុណ្ណោះ គាត់នឹងបញ្ចប់រឿងដោយមិនចង់វែងឆ្ងាយឡើយ។ ប៉ុន្តែភាគីខាងរថយន្ត Highlander យល់ថា ខ្លួនត្រូវ មិនព្រមសុំទោសទេ ទើបឈានដល់ទាស់សម្ដីគ្នាបន្តិចបន្តួចផងដែរ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកសម្របសម្រួល ដោយភាគីខាងរថយន្តស៊េរីទំនើបទាមទារឲ្យសង៥០០ដុល្លារ តែភាគីខាងរថយន្ត Highlander ព្រមសង់សំណងតែ៥០ដុលា្លរទេ ឬក៏សុំយករថយន្តទៅជួសជុលឲ្យឡើងវិញ ទើបការដោះស្រាយមិនត្រូវគ្នាទៀត។ ចុងក្រោយ សមត្ថកិច្ចមូលដ្ឋានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង។

សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះមកដល់ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានទៀត តែមិនត្រូវគ្នាដដែល ហើយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយបន្តពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post