ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យមន្ដ្រីនគរបាលពង្រឹងសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីធានាសុវត្ថិភាពឲ្យប្រជាពលរដ្ឋបានដើរកម្សាន្ដសប្បាយ នៅតាមទីវត្តអារាម ស្រុកកំណើត និងនៅតាមផ្លូវសាធារណៈ និងនៅតាមរម្មណីយដ្ឋាននានាដោយមានអារម្មណ៍កក់ក្ដៅ។
ក្រោយកិច្ចប្រជុំពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញវិធានការ៤ចំណុចសំខាន់ៗ សម្រាប់មន្ដ្រីនគរបាលអនុវត្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា វិធានការទាំង៤ចំណុច ដែលដាក់ចេញសម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាពនោះ រួមមាន ទី១ ការពង្រឹងវិធានការសន្ដិសុខ ទី២ ការពង្រឹងវិធានការបង្ការ បង្ក្រាបបទល្មើស និងទី៤ ត្រៀមកម្លាំងអន្ដរាគមន៍ ដើម្បីធានាឲ្យប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្តទាំងអស់មានភាពសប្បាយរីករាយ និងគ្មានការរំាខានដោយភាពអសន្ដិសុខសន្ដិសុខដល់ប្រជាពលរដ្ឋ។
លោកបន្ដថា ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ច ដែលមិនអាចខ្វះខាតរបស់កម្លាំងនគរបាល និងសមត្ថកិច្ចដែលពាក់ព័ន្ធ ពោលត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដោយយកចិត្តទុកដាក់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕