header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព យកកូនកាំបិតភ្ជង់ប្លន់យកលុយ និងទូរស័ព្ទ​ពីយុវជនម្នាក់ ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា បានសម្រេច រួចរត់មកសម្ងំ​ដេកជាមួយសង្សារក្នុងផ្ទះសំណាក់ “ហេង ហ៊ួរ” បាន២ម៉ោង ត្រូវបានម្ចាស់ម៉ូតូកង់បី ធ្វើការស្រាវជ្រាវតាមប្រពន្ធ័ GPS រកឃើញជនសង្ស័យ រួចរាយការណ៍ជូនសមត្ថកិច្ចចូលទៅក្រសោបបានជនសង្ស័យប្រុសស្រី៤នាក់ រួចបន្តទៅចាប់ជនសង្ស័យបានម្នាក់ទៀត នៅក្នុងបុរីកីឡា។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់ “ហេង ហ៊ួរ” តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១ ឈ្មោះ អ៊ឹង ឡាយហុក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា។ ទី២ ឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងបូរីកីឡាជាន់ទី៣។ ទី៣.ឈ្មោះ ជូន សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបុរីកីឡា  មុខរបរ រើ​សអេតចាយ។ ទី៤ឈ្មោះ កុង ចន្ធូ ភេទស្រី អាយុ១៦ឆ្នាំ ។ ទី៥ ឈ្មោះ ចៅ សុផល  ភេទស្រី អាយុ១៧ឆ្នាំ។ ជនរងគ្រោះឈ្មោះ សែម លាងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា និងនៅរៀន ស្នាក់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ដឹកភ្ញៀវយកទៅដាក់នៅម្តុំទឹកថ្លា រួចបានបើកត្រឡប់ក្រោយវិញ បំណងទៅមុខវាំង លុះបើកមកដល់ចំណុចមុខហាង លក់មីហិរ តាមបណ្តោយម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានហៅម៉ូតូកង់បីគាត់ ឲ្យដឹកជូនមកដល់ម្តុំបុរីកីឡា តាមផ្លូវមុខអធិការដ្ឋានខណ្ឌ៧មករា ជនសង្ស័យបានដកកូនកាំបិតខ្លីមួយ ដែលខ្លួនបានលាក់ទុកជាប់ខ្លួនយកភ្ជង់កគាត់ជាប់ ប្លន់យកលុយចំនួន១០៥,០០០៛(ដប់ម៉ឺនប្រាំពាន់រៀល)និងទូរសព្ទ័ចំនួន២គ្រឿង ១ម៉ាក IPhone 7Plus និង១គ្រឿងម៉ាក Sumsung Galaxy S8 បានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីគេចខ្លួនបានហើ​យ  ជនសង្ស័យបានមកសម្ងំ​ដេកជាមួយសង្សារនៅបន្ទប់លេខ២០២ ជាន់ទី២ ក្នុងផ្ទះសំណាក់មួយកន្លែងយីហោ "ហេង ហ៊ួរ" ស្ថិតតាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ពីរម៉ោងក្រោយមកជនរងគ្រោះ និងមិត្តភក្តិធ្វើការបើ​កមើ​ល ក្នុង iCloud ដែលបានភ្ជាប់ Find My IPhone នោះ ដើ​ម្បីរកទូរស័ព្ទរបស់ខ្លួន ដែលត្រូវបានជនសង្ស័យប្លន់យកទៅបាត់នោះ ដោយ GPS បានបង្ហាញទីតាំង ទើបនាំគ្នាចេញតាមរកឃើញ ហើ​យបានធ្វើការឃាត់ជនសង្ស័យបានម្នាក់ ហើ​យរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋាន សុំគោលការណ៍ ចុះមកធ្វើឆេកឆេរក្នុងផ្ទះសំណាក់ខាងលើ​។ ជាក់ស្ដែង សមត្ថកិច្ចបានរកឃើញ មនុស្សប្រុសស្រី៣នាក់ទៀត ដែលពពាក់ពពូនគ្នា ទើ​បឃាត់ខ្លួនសួរចម្លើ​យបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅក្នុងបុរីកីឡា សរុបទាំងអស់៥នាក់  (ប្រុស៣ស្រី២)។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧មករាវិញ ដើ​ម្បីយកទៅសួរនាំបន្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post