
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND CRUISER បើកបរដោយបុរសម្នាក់ កំពុងធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ស្របពេលចរាចរកំពុងចង្អៀត ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿង បើកមកពីក្រោយ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកប៉ះរថយន្តទំនើបនោះ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ចំហៀងខាងស្ដាំគួរសម។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ត្រង់ចំណុចខាងមុខ វិទ្យាល័យបឹងត្របែក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2889 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនធម្មតា លុះមកដល់កន្លែងកើតហេតុ ស្របពេលចរាចរកំពុងចង្អៀត ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 5A-0003 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា មកពីក្រោយ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកប៉ះរថយន្តទំនើប បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ចំហៀងខាងស្ដាំ ហើយភាគីទាំងសងខាងក៏បានចុះមកដោះស្រាយគ្នាដែរ តែភាគីខាងរថយន្ត ក្រឡុកស៊ីម៉ងត៍ សុំរងចាំខាងតំណាងមកដោះស្រាយជំនួស ទើបធ្វើឲ្យរថយន្តទាំងពីរគ្រឿងនៅកណ្ដាលផ្លូវ ធ្វើឲ្យមានការការកកស្ទះចរាចរដល់អ្នកដំណើរផ្សេងទៀត ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកបាញ់គំនូស រួចអោយរថយន្តទាំងពីរបើកឡើងមកលើចិញ្ចើមផ្លូវ មុខវិទ្យាល័យ បឹងត្របែកសិន ដើម្បីរង់ចាំដោះស្រាយគ្នា ជំហានសិន និងកុំអោយមានការកកស្ទះចរាចរដល់អ្នកដំណើរដទៃទៀត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌចំការមន បានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន ហើយភាគីខាងរថយន្តស៊េរីទំនើប សុំត្រឹមតែអោយភាគីខាងរថយន្ត ក្រឡុកស៊ីម៉ងត៍ យករថយន្តទៅជួសជុលឲ្យដូចដើមវិញប៉ុណ្ណោះ ចំណែកឯអ្នកបើករថយន្តបង្ក ក៏បានទូរស័ព្ទប្រាប់អោយតំណាង ក្រុមហ៊ុន របស់ខ្លួន មកដោះស្រាយជាមួយ ម្ចាស់រថយន្តស៊េរីទំនើប ផងដែរ៕













