កណ្តាលៈ អគ្គិភ័យដ៏សន្ធោរសន្ធៅមួយ បានឆាបឆេះឃ្លាំងស្តុកបាឡែតឈើ និងបាឡែតជ័រ ដែលមានទំហំ១០x២០ម៉ែត្រ និងរាលដាលឆេះរថយន្ត LEXUS មួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ទាំងកណ្ដាលអធ្រាត្រ។
អគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ ឯក មាន សំណាង អធិការស្រុកអង្គស្នួល កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ សហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន និងប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍ព្រៃពួច ព្រមទាំងកម្លាំងប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ភ្លើងឆេះដ៏សន្ធោសន្ធៅនេះ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ដូចជា រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យខេត្តកណ្ដាល ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់កងពលតូចលេខ៧០ (៧១១) ចំនួនន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់កងទ័ពឆ័ត្រយោង ៩១១ ចំនួន២គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន ១៨ឡាន ទើបបានរលត់ជាស្ថាពរ នាវេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចនគរបាល ដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា ឃ្លាំងខាងលើ គឺស្តុកដោយបាឡែតឈើ និងបាឡែតជ័រ មានទំហំ១០x២០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងថ្ម និងមានម្ចាស់ឈ្មោះ ផន ផៃ ភេទប្រុស អាយុ៥២ឆ្នាំ (មុខរបេរលក់ដូរ) ក្នុងពេលកើតហេតុម្ចាស់មិននៅ។
នគរបាលស្រុកបន្តទៀតថា ចំពោះមូលហេតុ ដែលបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅនោះ សមត្ថកិច្ច បានសន្ឋិដ្ឋានជាជំហានដំបូងថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ) ចេញជាអណ្ដាតភ្លើង ឆេះរាលដាលលឿន ហើយងំ ដោយសារខាងក្នុងស្តុកឈើបាឡែត (កុងប្លាកេ ឈើកែច្នៃ) និងបាឡែតជ័រ សម្រាប់កល់ពីក្រោមអីវ៉ាន់ផ្សេងៗច្រើនទៀតយ៉ាងសន្ធោរសន្ធៅ ដោយប្រើប្រាស់ពេលជាច្រើនម៉ោង ទើបអាចគ្រប់គ្រង់បាន។
ទោះជាគ្រប់គ្រងបាន ក្រុមពន្លត់អគ្គិភ័យនៅបាញ់ទឹកបន្ត រហូតដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ទើបរលត់ទាំងស្រុង មិនរាលដាលទៅផ្ទះជិតខាងផ្សេងឡើយ ហើយក៏មិនមានអ្នកណារងរបួសដែរ តែបណ្ដាលឲ្យឃ្លាំងទាំងមូល ត្រូវបានខូចខាតអស់ទាំងស្រុង ក្នុងនោះក៏មានរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ដែលទុកក្នុងឃ្លាំងខាងលើ ក៏ត្រូវបានភ្លើងឆេះអស់ទាំងស្រុងផងដែរ៕