header ads

Sponsor

ភ្នំពេញៈ ចោរជើងឆើត ទំនងជាចាំមើលប៉ូលិសល្បាតផុត ចូលធ្វើសកម្មភាពលួចគាស់ជញ្ជាំងកញ្ចក់ផ្សារទំនើប AEON Max Valu Express ហើយជនសង្ស័យបានចូលទៅដល់ខាងក្នុង តែមិនទាន់លួចបានលួចយកអ្វីនៅឡើយទេ គឺប្រញាប់ដើរសំដៅទៅកន្លែងគិតលុយភ្លាម នៅពេលដើរជិតដល់ ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញផ្សារ ហើយអំពូលភ្លើងលោតបើកភ្លឺចែស ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញ រត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ត្រឡប់មកសហការស្រាវជ្រាវផងដែរ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីជិតម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅផ្សារទំនើប AEON Max Valu Express ស្ថិតនៅមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្ត WB-ARENA (ទល់មុខសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម) នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍ ឲ្យដឹងថា នៅមុនកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយធ្វើការចល័តពីភូមិ១ ចូលទៅភូមិ១ រួចចល័តឡើងមកលើផ្លូវជាតិ និងច្រកដឿងហែមនានា ដោយឆ្លងកាត់ ផ្សារទំនើបកើតហេតុខាងលើនេះដែរ ដោយពុំឃើញមានអ្វីទេ ហើយក៏ល្បាតចល័តបន្តតាមភូមិផ្សេងទៀត ដូចសព្វដង។ ក្រោយមកក៏ទទួលបានដំណឹងថា មានករណីចោរលួចគាស់ហាង ទើបកម្លាំងល្បាតត្រឡប់មកវិញ តែជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ។

បើតាមសន្តិសុខម្នាក់ បានបង្ហើបប្រាប់ភ្នាក់ងារCAM POST ថា ចោរនេះជើងឆើតតែម្ដង ទំនងជាចាំមើលប៉ូលិសល្បាតទៅបាត់ ទើបចូលធ្វើសកម្មភាពគាស់ជញ្ជាំងកញ្ចក់ផ្សារទំនើបខាងលើតែម្ដង ហើយបើតាមគាត់បានមើលកាមេរ៉ាសុវត្ថិភាព ជាមួយក្រុមបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព ដែលចុះមកបើកពិនិត្យមើល រួមទាំងមានប៉ូលិសមកសហការ និងបើកមើលឃើញក្រោយពីគាស់ចូលបានហើយ គេឃើញ សកម្មភាពជនសង្ស័យម្នាក់ តែមិនដឹងថា មានបក្ខពួកទៀតឬអត់នោះទេ បានចូលទៅដល់ខាងក្នុងតែមិនទាន់បានលួចយកអ្វីនៅឡើយទេ ឃើញដើរសំដៅទៅកន្លែងគិតលុយ ហើយនៅពេលដើរជិតដល់ ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹង រួមទាំងអំពូលភ្លើងលោតបើកភ្លឺចែសពេញហាងតែម្ដង ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកក្រៅវិញ ហើយរត់គេចខ្លួនបាត់មិនដឹងទៅណា បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខចេញមករកមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងក្រុមបច្ចេកទេសប្រព័ន្ធសុវត្ថិភាព និងក្រុមសន្តិសុខ បានរាយការណ៍ជូនថ្នាក់លើរាងខ្លួន  ដើម្បីរងចាំខាងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញបន្ត ដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោសឲ្យខានតែបាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post