ភ្នំពេញៈ នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុក (FACBOOK) ឈ្មោះថា “សេវាផ្សេងទៀត” បានបង្ហោះព័ត៌មាន ដែលមានចរិតបោកប្រាស់ និងបង្ខូចកេរ្តិ៍ឈ្មោះ របស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការទទួលធ្វើសញ្ញាបត្របាត់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក ដូច្នេះក្រសួងអប់រំ ប្រកាសថ្កោលទោស ចំពោះការបង្ហោះព័ត៌មានរបស់អាខោនហ្វេសប៊ុកឈ្មោះ “សេវាផ្សេងទៀត”។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងអប់រំ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា “ការបង្ហោះព័ត៌មានបែបនេះ ជាអំពើខុសច្បាប់ ដែលបំពានដល់សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្រ របស់សិស្សានុសិស្ស និងនិស្សិតកម្ពុជា”។
ប្រភពដដែលបន្ដថា ក្រសួងអប់រំ បាននឹងកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងរកជន ដែលបង្ហោះព័ត៌មានខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សូមអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទ ចូល រួមទប់ស្កាត់ការចែកចាយព័ត៌មាននេះ តាមគ្រប់រូបភាព ព្រមទាំងសហការផ្តល់ព័ត៌មានជូន សមត្ថកិច្ចក្នុងការ ឈានទៅកំណត់មុខសញ្ញាជន ដែលបានប្រព្រឹត្តអំពើខាងលើ៕